ព័ត៌មានអន្តរជាតិ

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអឺរ៉ុប៖ ជំងឺអុតស្វា Monkeypox ពេលនេះបានកើនដល់ ២១៩ ករណី នៅក្រៅប្រទេសដែលធ្លាប់មានជំងឺនេះពីមុន

BY
Khmerpress
May 26, 2022
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអឺរ៉ុប៖ ជំងឺអុតស្វា Monkeypox ពេលនេះបានកើនដល់ ២១៩ ករណី នៅក្រៅប្រទេសដែលធ្លាប់មានជំងឺនេះពីមុន

ចំនួនករណីជំងឺអុតស្វា Monkeypox នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ២១៩ ករណី នៅខាងក្រៅប្រទេសដែលធ្លាប់ប្រឈមនឹងជំងឺនេះពីមុន នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារជំងឺរបស់សហភាពអឺរ៉ុប។ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសជាង ១០ ដែលកំពុងមានជំងឺអុតស្វាខុសពីធម្មតា ភាគច្រើននៅអឺរ៉ុប បានរាយការណ៍ពីករណីដែលបានបញ្ជាក់យ៉ាងហោចណាស់ ១ ករណី។ ខ្លួនបាននិយាយថា៖«នេះគឺជាលើកទីមួយហើយ ដែលដំណើរការឆ្លងត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ដោយមិនមានទំនាក់ទំនង ជាមួយនឹងអាហ្វ្រិកខាងលិច ឬកណ្តាល ដែលជំងឺនេះជាប្រភេទកើតយូរៗម្ដង (endemic)»។

ចក្រភពអង់គ្លេសបច្ចុប្បន្នកំពុងមានករណីច្រើនជាងគេគឺ ៧១ ករណី តាមពីក្រោយដោយប្រទេសអេស្ប៉ាញ ដែលមាន ៥១ ករណី និងព័រទុយហ្គាល់ ៣៧ ករណី។ នៅក្រៅទ្វីបអឺរ៉ុប ប្រទេសកាណាដា មានចំនួន ១៥ ករណី ហើយសហរដ្ឋអាមេរិក មានចំនួន ៩ ករណី។ ចំនួនករណីសរុបដែលបានរាយការណ៍កាលពីថ្ងៃពុធ បានកើនឡើង ៥ដង ចាប់តាំងពីការរាប់លើកដំបូងនៅថ្ងៃទី២០ ខែឧសភា ដែលពេលនោះករណីមានតែ ៣៨ ប៉ុណ្ណោះ។ ECDC បានបន្ថែមថា ករណីភាគច្រើនត្រូវបានរកឃើញលើបុរសវ័យក្មេង ដោយកំណត់អត្តសញ្ញាណខ្លួនឯងថា ជាបុរសដែលរួមភេទជាមួយបុរស។ ហានិភ័យនៃការឆ្លងរបស់ជំងឺអុតស្វា Monkeypox គឺមានកម្រិតទាប ហើយមិនដែលមានករណីស្លាប់នោះទេ ប៉ុន្តែសម្រាប់អ្នកមានដៃគូច្រើន អាចនឹងមានហានិភ័យខ្ពស់។

ជំងឺនេះរីករាលដាលដោយការខាំ ឬការប៉ះពាល់ផ្ទាល់ជាមួយឈាម សាច់ ឬវត្ថុរាវ ក្នុងរាងកាយរបស់សត្វដែលមានមេរោគ ហើយរោគសញ្ញាដំបូងរួមមាន គ្រុនក្តៅខ្លាំង មុនពេលវិវត្តទៅជាកន្ទួល។ អ្នក​ដែល​ឆ្លង​មេរោគ​នេះ​ ក៏​មាន​កន្ទួល​ដូច​ជំងឺអុតស្វាយ (chickenpox) ​នៅលើ​ដៃ និង​មុខ​របស់​ពួកគេ​ដែរ។ មិនមានការព្យាបាលទេ ប៉ុន្តែរោគសញ្ញាជាធម្មតាបាត់ទៅវិញបន្ទាប់ពី ២ ទៅ ៤ សប្តាហ៍ ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: