ព័ត៌មានអន្តរជាតិ

UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

BY
Khmerpress
May 26, 2022
UN នឹងបោះឆ្នោត ជុំវិញដំណោះស្រាយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ

(UN)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើសេចក្ដីព្រាងដំណោះស្រាយមួយរបស់សហរដ្ឋអាមេរិក ដែលស្នើឱ្យមានការពង្រឹងការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ជុំវិញការបាញ់សាកល្បងមីស៊ីលផ្លោងឡើងវិញ ខណៈចិនដែលមានអំណាចវេតូនោះ បានលើកឡើងថាទណ្ឌកម្មមិនអាចដោះស្រាយបញ្ហាបានឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២។

ការបោះឆ្នោតនេះ នឹងធ្វើឡើង១ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលចំនួន៣គ្រាប់ ដែលក្នុងចំណោមនោះអាចមានមីស៊ីលផ្លោងអន្តរទ្វីប ICBM ដ៏ធំ បំផុតរបស់ខ្លួនផងដែរ ក្រោយលោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់អាស៊ី។ នេះគឺជាការធ្វើតេស្ដមីស៊ីលផ្លោងថ្មីមួយទៀតក្នុងឆ្នាំនេះ ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាមមន្រ្តីអាមេរិក «សេចក្តីព្រាងដំណោះស្រាយ នឹងបន្ថែមការរឹតត្បិតចំពោះសមត្ថភាពរបស់កូរ៉េខាងជើងលើការជំរុញកម្មវិធីផលិតអាវុធប្រល័យលោក (WMD) និងមីស៊ីលផ្លោងខុសច្បាប់ ហើយនឹងបន្ថែមភាពងាយស្រួលក្នុងការអនុវត្តទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង និងជួយដល់ការបើកផ្លូវដើម្បីនាំយក ជំនួយមនុស្សធម៌ទៅឲ្យអ្នកដែលត្រូវការជំនួយ»។

អ្នកនាំពាក្យរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ Reuters ថា «យើងគិតថាដំណោះស្រាយដូចដែលសហរដ្ឋអាមេរិកបានស្នើឡើងនោះ មិនអាចដោះស្រាយបញ្ហាណាមួយបានទេ ដូច្នេះចិនស្នើឱ្យក្រុមប្រឹក្សាអនុម័តសេចក្តីថ្លែងការណ៍ថ្កោលទោស ជំនួសឱ្យការដាក់ទណ្ឌកម្ម»។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានទទួលរងនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ ហើយទណ្ឌកម្មនេះត្រូវបានបង្កើនជាលំដាប់ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងគោលបំណងកាត់ផ្តាច់មូលនិធិសម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ទីក្រុងព្យុងយ៉ាង។ តែចិន និងរុស្ស៉ី បានត្រូវសហរដ្ឋអាមេរិក ចោទប្រកាន់ថាបាននិងកំពុងជំរុញឲ្យមានការបន្ធូរបន្ថយទណ្ឌកម្ម ដោយលើកហេតុផលមនុស្សធម៌៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: