សហរដ្ឋអាមេរិកកំណត់គោលដៅលើទូកទំនើបៗ ដែលមានទំនាក់ទំនងជាមួយលោក វ្ល៉ាឌីមៀ ពូទីន
អាជ្ញាធរអាមេរិកបានរារាំងការប្រើប្រាស់ទូកទេសចរណ៍ប្រណីតៗ ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃទណ្ឌកម្មបន្ថែមទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកប្រណីតម៉ូដែល Graceful និង Cayman Islands-Olympia ត្រូវបានគេកំណត់ថា ជាទ្រព្យសម្បត្តិដែលត្រូវបានហាមឃាត់។
ប្រភពបាននិយាយថា លោក ពូទីន ចូលចិត្តទូកទាំង ២ ម៉ូដែលនេះណាស់ ហើយថា គាត់បានធ្វើដំណើរដោយប្រើទូកប្រភេទទាំងនេះជាច្រើនដង។ មួយក្នុងចំណោមការធ្វើដំណើរទាំងនោះ គឺនៅសមុទ្រខ្មៅកាលពីឆ្នាំមុន ហើយក៏មានការចូលរួមពីប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ផងដែរ។ ជាមួយគ្នានេះដែរ នាយកដ្ឋានរតនាគារក៏បានរាយបញ្ជីទូកប្រណីតចំនួន ២ ផ្សេងទៀត ចូលជាទ្រព្យសម្បត្តិដែលត្រូវបានរារាំង ដែលទូកទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរុស្ស៊ី និងមានទំនាក់ទំនងជាមួយលោក ពូទីន ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
