ភូកេត លុបចោលការបញ្ជាអោយដោះម៉ាសនៅទីសាធារណៈ ក្រោយអនុញ្ញាតបានត្រឹមតែ ១ថ្ងៃ
ថៃ៖ កាលពីមុន ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេត បានចេញសេចក្តីប្រកាសមួយសុំឲ្យប្រជាជនដោះម៉ាស់ ពេលនៅក្នុងបរិយាកាសបើកចំហដូចជា តាមឆ្នេរសមុទ្រ ឧទ្យាន ឬកន្លែងផ្សេងទៀតដែលមានខ្យល់ចេញចូលបានល្អ ប៉ុន្តែថ្មីៗនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេតបានចេញបទបញ្ជា លេខ ៣៧៩៣/២៥៦៥ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ភូកេត។
ក្នុងបទបញ្ជានោះចំណុចសំខាន់ គឺត្រូវលុបចោល «បទបញ្ជាខេត្តភូកេតលេខ ៣៦៦០/២៥៦៥» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល និង ការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅភូកេត ហើយបញ្ជាអោយពាក់ម៉ាស ឬក្រណាត់ម៉ាស ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និង ការពារក្នុងករណីគ្មានអនាម័យ ដើម្បីមិនអោយរាតត្បាតជំងឺ នៅពេលចេញពីលំនៅដ្ឋាន យានជំនិះផ្ទាល់ខ្លួន ឬពេលនៅទីសាធារណៈជាដើម។
លើកលែងតែអាចដោះម៉ាស ឬរបាំងក្រណាត់ចេញពេលកំពុងទទួលទានភេសជ្ជៈ ឬពេលកំពុងហាត់ប្រាណ ឬផ្ទៀងផ្ទាត់អត្តសញ្ញាណជាមួយមន្ត្រីរដ្ឋាភិបាល និងអនុវត្តតាមវិធានការបង្ការជាសកល នេះគឺចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ រហូតដល់ការបញ្ជាមានការផ្លាស់ប្តូរ៕
