ព័ត៌មានអន្តរជាតិ June 10, 2022

ពលរដ្ឋថៃច្រើនជាង ១៥ ម៉ឺននាក់ បានចុះឈ្មោះសុំដាំដើមកញ្ឆា បន្ទាប់ពីរដ្ឋាភិបាលថៃដកកញ្ឆាចេញពីបញ្ជីហាមឃាត់

Khmerpress

ពលរដ្ឋថៃច្រើនជាង ១៥០,០០០ នាក់ បានចុះឈ្មោះជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដើម្បីសុំធ្វើការដាំដុះដើមកញ្ឆា បន្ទាប់ពីការដកកញ្ឆាចេញពីបញ្ជីហាមឃាត់ ត្រូវបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ លោកវេជ្ជបណ្ឌិត Paisarn Dunkum អគ្គលេខាធិការរបស់ FDA ​​បាននិយាយថា ពលរដ្ឋអាចធ្វើការដាំដុះកញ្ឆាបាន បន្ទាប់ពីការចុះឈ្មោះជាមួយ FDA តាមរយៈវេបសាយ plookganja.fda.moph.go.th ឬកម្មវិធីទូរស័ព្ទ «ปลูกกัญ» ដោយមិនចាំបាច់សុំច្បាប់ដាំដុះបន្ថែមទៀតនោះទេ។

លោកបាននិយាយថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ កម្មវិធីនេះត្រូវបានទាញយកច្រើនជាង ៥០,០០០ ដង ហើយពលរដ្ឋច្រើនជាង ១៥០,០០០ នាក់ បានបញ្ចប់ដំណើរការចុះឈ្មោះរួចរាល់។ ច្បាប់ថ្មីនេះមានន័យថា ការផលិត ការនាំចូល ការនាំចេញ ការចែកចាយ ការប្រើប្រាស់ និងការកាន់កាប់កញ្ឆា គឺត្រូវបានអនុម័តជាផ្លូវការ។ យ៉ាងណាក៏ដោយ ការកាន់កាប់ និងលក់សារធាតុចម្រាញ់ចេញពីកញ្ឆាឆា ដែលគេស្គាល់ថាជា THC ឬ តេត្រាអ៉ីដ្រូកាណាប៊ីណុល ដែលមានច្រើនជាង ០.២% នៅតែត្រូវបានចាត់ទុកថា ខុសច្បាប់ ស្របទៅតាមច្បាប់គ្រប់គ្រង និងបង្ក្រាបគ្រឿងញៀនរបស់ថៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត