UPDATE: បុគ្គលដែលចោទប្រកាន់ដោយគ្មានមូលដ្ឋាន លើអធិការនគរបាលខណ្ឌមានជ័យ ត្រូវបានឃាត់ខ្លួន និងសុំទោសជាសាធារណៈ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បុរសម្នាក់ដែលបានប្រើប្រាស់គណនីហ្វេសបុកឈ្មោះ «ឱសថស្ថានបុរាណភ្នំទ្រទ្រង់» ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កោះហៅឲ្យចូលខ្លួន មកបំភ្លឺ ធ្វើកិច្ចសន្យា ទទួលកំហុស និងបានថតជាវីដេអូសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន ដែលបានចោទប្រកាន់ខុសពីការពិតមកលើអធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារា។
លោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទម្នាក់ទៀតដែលបន្លំខ្លួនជាអធិការខណ្ឌមានជ័យ ដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺ លើករណីបន្លំខ្លួ នជាអធិការនេះផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានច្រានចោលចំពោះការចោទប្រកាន់តាមបណ្ដាញសង្គម Facebook ថា លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានហៅទូរស័ព្ទទៅគំរាមគេឯង។
តាមរយៈសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់គណនី Facebook ឈ្មោះ «ឱសថបុរាណភ្នំទ្រទ្រង់» បានប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់លោកអធិការ និងកិត្យានុភាពនៃកម្លាំងនគរបាលជាតិទាំងមូល៕ ផ្តល់សិទ្ធិដោយ៖ freshnews