សហភាពអឺរ៉ុប បញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វាប្រហែល ១១០,០០០ដូស ខណៈករណីឆ្លងសរុប កើនឡើងដល់ប្រហែល ៩០០ករណី
(ព្រុចសែល)៖ ស្នងការទទួលបន្ទុកផ្នែកសុខាភិបាលសហភាពអឺរ៉ុប លោកស្រី ស្តេលឡា ឃីរីអាឃីឌីស (Stella Kyriakides) បាននិយាយថា សហភាពអឺរ៉ុប នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដែលមិនត្រូវបានបញ្ចេញឈ្មោះ នៅថ្ងៃអង្គារនេះ ដើម្បីបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺអុតស្វា (Monkeypox) ប្រហែល ១១០,០០០ដូស ដែលនឹងត្រូវចែកចាយ ចាប់ពីចុងខែមិថុនានេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។
នាឱកាសចូលរួមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសុខាភិបាលសហភាពអឺរ៉ុប ក្នុងប្រទេសលុចសំបួ (Luxembourg) នៅថ្ងៃអង្គារនេះ លោកស្រី Kyriakides បានគូសបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងត្រូវបានទិញដោយប្រើប្រាស់មូលនិធិរបស់សហភាពអឺរ៉ុប ហើយនឹងត្រូវបានចែកចាយ ទៅកាន់បណ្ដាប្រទេសទាំងអស់នៃសហភាពអឺរ៉ុប។ មន្ត្រីគណៈកម្មការបានបន្ថែមថា ឈ្មោះក្រុមហ៊ុនផលិតវ៉ាក់សាំង នឹងត្រូវបានបង្ហាញក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ថា ប្រទេសមួយចំនួននៃសហភាពអឺរ៉ុប រួមទាំងប្រទេសអាល្លឺម៉ង់ និងអេស៉្បាញ ក៏បានធ្វើការបញ្ជាទិញដោយខ្លួនឯង នូវវ៉ាក់សាំងបង្ការជំងឺអុតស្វានេះផងដែរ។ រហូតមកទល់ពេលនេះ សហភាពអឺរ៉ុបបានកត់ត្រានូវករណីឆ្លងជំងឺអុតស្វាសរុបប្រហែល ៩០០ករណីហើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
