ថៃលុបចោលប្រព័ន្ធ Thailand Pass សម្រាប់ទេសចរបរទេស ហើយប្តូរកាតព្វកិច្ចពាក់ម៉ាស ទៅជាការពាក់ដោយស្ម័គ្រចិត្តវិញ
(បាងកក)៖ ប្រទេសថ្ងៃ នៅថ្ងៃសុក្រនេះ បានប្រកាសថា នឹងលុបចោលនូវវិធានការស្នើសុំជាមុន សម្រាប់ភ្ញៀវទេសចរបរទេស ហើយមិនតម្រូវឲ្យពាក់ម៉ាសនៅតាមទីសាធារណៈទៀតទេ ខណៈដែលករណីឆ្លងកូវីដ ១៩ មានការថយចុះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ភីផាត់ រ៉ាចាគីតប្រ៉ាកន (Pipat Ratchakitprakan) បានប្រាប់ក្រុមអ្នកយកព័ត៌មានយ៉ាងដូច្នេះថា «Thailand Pass ដែលជាប្រព័ន្ធចុះបញ្ជីឈ្មោះភ្ញៀវទេសចរបរទេស ដើម្បីទទួលបានការអនុញ្ញាតពីអាជ្ញាធរថៃចូលក្នុងប្រទេសនោះ នឹងត្រូវផ្អាកចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ។
ដោយឡែក ក្នុងថ្ងៃដដែលនេះ អាជ្ញាធរទទួលបន្ទុកគ្រប់គ្រងស្ថានការណ៍ COVID-19 របស់ថៃ ក៏បានឲ្យដឹងផងដែរថា កាតព្វកិច្ចការពាក់ម៉ាសនឹងក្លាយទៅជា ការពាក់ដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ ប៉ុន្តែបានណែនាំដល់ប្រជាជន ឲ្យបន្តពាក់ម៉ាស នៅទីកន្លែងដែលមានមនុស្សច្រើន ឬសម្រាប់អ្នកមានបញ្ហាសុខភាព។ ថៃមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ សរុបច្រើនជាង ៣០,០០០នាក់ ប៉ុន្តែអាចទប់ស្កាត់ការឆ្លងរាលដាលបានយ៉ាងច្រើន ដោយអត្រាចាក់វ៉ាក់សាំងជាង៨០ភាគរយ។
គួរបញ្ជាក់ថា ប្រទេសថៃ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ប៉ុន្តែខាងអាជីវកម្មទេសចរណ៍ បានត្អូញត្អែរថា ការទាមទារឯកសារជាច្រើនពីភ្ញៀវទេសចរបរទេស រាប់ចាប់តាំងពី ពីប័ណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនបត្រតេស្តរកកូវីដ១៩ រហូតដល់ការធានារ៉ាប់រងផ្នែកវេជ្ជសាស្រ្ត និងការកក់សណ្ឋាគារជាដើមនោះ បានរារាំងដល់ការងើបឡើងវិញនៃវិស័យនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

