ព័ត៌មានអន្តរជាតិ June 27, 2022

អង្គការ WHO សម្រេចថា ជំងឺអុតស្វាមិនទាន់ជា «ភាពអាសន្នផ្នែកសុខភាពសាធារណៈជាសកល» នៅឡើយទេ

Khmerpress

(ឡុងដ៍)៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានចេញសេចក្តីសម្រេចថា ជំងឺអុតស្វា (Monkeypox) មិនទាន់ត្រូវចាត់ទុកជា ភាពអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិនៅឡើយទេ ប៉ុន្តែអគ្គនាយក WHO លោក ថេដ្រូស ហ្គេប្រេយ៉េស៊ូស (Tedros Ghebreyesus) បានថ្លែងថា លោកមានក្តីបារម្ភជាខ្លាំង អំពីការផ្ទុះឡើងនៃជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២។

លោក Tedros បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្រួយបារម្ភជាខ្លាំងអំពីការផ្ទុះឡើងនៃជំងឺអុតស្វា។ ច្បាស់ណាស់ វាគឺជាគំរាមកំហែងផ្នែកសុខាភិបាល ដែលកំពុងបន្តវិវត្តទៅមុខ ហើយរូបខ្ញុំនិងក្រុមមន្រ្តីនៅ WHO កំពុងតាមដានយ៉ាងដិតដល់ជាទីបំផុត»។ ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍ផ្សេងមួយទៀត WHO បានលើកឡើងថា ទោះមានការយល់ឃើញខុសគ្នាមួយចំនួនក៏ដោយ ទីបំផុតខ្លួនបានសម្រេចជាឯកច្ឆន្ទថា ក្នុងដំណាក់កាលនេះ គឺការឆ្លងរាលដាលនៃជំងឺអុតស្វា នៅមិនទាន់ជា ភាពអាសន្នផ្នែកសុខភាពសាធារណៈ ដែលគួរឱ្យមានការព្រួយបារម្ភជាអន្តរជាតិ នៅឡើយទេ។

គួរបញ្ជាក់ថា បើតាម WHO ក្នុងរយៈពេល៦សប្តាហ៍ចុងក្រោយ ករណីឆ្លងជំងឺអុតស្វាចំនួនជាង ៣,២០០ករណី និងករណីស្លាប់១ករណី ត្រូវបានរាយការណ៍ចេញពីប្រទេសចំនួន៤៨ ដែលជាធម្មតាមិនធ្លាប់មានការរាតត្បាតនៃជំងឺនេះ កន្លងមកឡើយ។ ទន្ទឹមគ្នា ក៏មានករណីឆ្លងជិត ១,៥០០ករណី និងស្លាប់៧០ករណី ត្រូវបានរាយការណ៍ចេញពីទ្វីបអាហ្រ្វិក ជាទីដែលជំងឺនេះ មានវត្តមានជាទូទៅផងដែរ។ ដោយឡែក បច្ចុប្បន្នតែមានការរាតត្បាតនៃជំងឺ COVID-19 និងកិច្ចប្រឹងប្រែងបន្តលុបបំបាត់ ជំងឺគ្រុនស្វិតដៃជើងប៉ុណ្ណោះ ដែលត្រូវ WHO ចាត់ទុកជា ភាពអាសន្នសុខាភិបាលសាធារណៈអន្តរជាតិ៕ ផ្តល់សិទ្ធិដោយ៖ freshnews

MADRID, SPAIN – JUNE 06: A medical laboratory technician picks up from a fridge a reactive to test suspected monkeypox samples at the microbiology laboratory of La Paz Hospital on June 06, 2022 in Madrid, Spain. Europe is at the centre of the monkeypox virus outbreak, the World Health Organisation reported 780 confirmed cases with Britain, Spain and Portugal reporting the largest numbers of patients. (Photo by Pablo Blazquez Dominguez/Getty Images)