មកស្គាល់ពូជស្វាយ ១ប្រភេទរបស់ជប៉ុន ត្រឹមតែ ២ផ្លែ ដាក់ដេញថ្លៃលក់ក្នុងតម្លៃជិត ៤ពាន់ដុល្លារ
ប្រទេសជប៉ុន គឺជាប្រទេសមួយដែលតែងតែដាក់ដេញថ្លៃផលិតផល ដែលល្អ និងកម្របំផុតក្នុងតម្លៃរាប់ពាន់ដុល្លារ ខណៈផលិតផលខ្លះមានតម្លៃដល់ទៅរាប់ម៉ឺន រាប់សែនដុល្លារឯណោះ។ ជាក់ស្ដែង នាពេលកន្លងមកជប៉ុនបានដាក់ដេញថ្លៃ ផ្លែឪឡឹក ត្រីធូណា និងស្រា ជាដើម ហើយកាលពីខែមេសា ឆ្នាំ២០២២ នេះ ជប៉ុនក៏បានដាក់ដេញថ្លៃផ្លែស្វាយ ១ប្រភេទ ចំនួន ២ផ្លែ ក្នុងតម្លៃជិត ៤ពាន់ដុល្លារ។
ផ្លែស្វាយដែលមានតម្លៃដ៏ថ្លៃនេះ ត្រូវបានគេចាត់ថ្នាក់ជាពូជពិសេសម្យ៉ាងឈ្មោះថា “Taiyo no Tamago” ឬ (ស៊ុតព្រះអាទិត្យ) មកពីខេត្ត Miyazaki ដោយដាក់ដេញថ្លៃក្នុងតម្លៃ ៥០០,០០០ យ៉េន (ប្រហែល ៣,៩៩០ ដុល្លារ) នៅក្នុងការដេញថ្លៃលើកដំបូងក្នុងឆ្នាំ២០២២ នេះ នៅឯផ្សារលក់ដុំមួយនៅទីក្រុង Miyazaki ភាគនិរតីនៃប្រទេសជប៉ុន។
ចំពោះលក្ខណៈពិសេស ដែលធ្វើឱ្យផ្លែស្វាយ ១ប្រភេទនេះ អាចលក់បានថ្លៃក្នុងតម្លៃកប់ពពក គឺផ្លែស្វាយនេះ ត្រូវមានទម្ងន់យ៉ាងតិច ៣៥០ ក្រាម និងមានកម្រិតជាតិស្ករ ១៥% ឬខ្ពស់ជាងនេះ។ មិនតែប៉ុណ្ណោះស្វាយនេះ ចាប់ផ្ដើមប្រមូលផលខ្លាំងនៅចុងខែមេសា ហើយឈានដល់កម្រិតកំពូលនៅចុងខែឧសភាដល់ខែមិថុនា។
គួរបញ្ជាក់ផងដែរថា អ្នកដាំស្វាយនេះ មិនងាយស្រួលប៉ុន្មានឡើយ ពោលគឺក្រៅពីការថែទាំពិបាកហើយ ត្រូវចំណាយធនធានខ្ពស់ ប៉ុន្តែគុណភាពចេញមកគឺល្អឥតខ្ចោះតែម្ដង នេះបើយោងតាមការលើកឡើងរបស់លោក Tomohiro Ishikawa អ្នកគ្រប់គ្រងផ្នែកលក់ និងចែកចាយនៅសហករណ៍កសិកម្ម JA Miyazaki៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត



