G7 ប្តេជ្ញាផ្តល់ថវិកាចំនួន ៥ពាន់លានដុល្លារ ដើម្បីស្រាយបញ្ហាអសន្តិសុខស្បៀងសកល, នេះបើតាមមន្រ្តីអាមេរិក
(បែរឡាំង)៖ មន្រ្តីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ក្រុមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនទាំងប្រាំពីរ ឬ G7 ប្តេជ្ញាថានឹងផ្តល់ថវិកាចំនួន ៥ពាន់លានដុល្លារ ដើម្បីបង្កើនសន្តិសុខស្បៀងពិភពលោក ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹង ក្តីបារម្ភរបស់ប្រទេសកំពុងអភិវឌ្ឍន៍អំពីភាពអត់ឃ្លាន ដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។
នៅថ្ងៃបិទបញ្ចប់នៃកិច្ចប្រជុំកំពូល G7 ដែលរៀបចំឡើងក្នុងប្រទេសអាល្លឺម៉ង់, មន្រ្តីអាមេរិករូបនោះបាននិយាយថា សហរដ្ឋអាមេរិកនឹងរ៉ាប់រងជាងពាក់កណ្តាល នៃចំនួនសរុបខាងលើ ដើម្បីជួយប្រយុទ្ធប្រឆាំងភាពអត់ឃ្លាន ក្នុងប្រទេសចំនួន៤៧ ក៏ដូចជាសម្រាប់ផ្តល់ឱ្យអង្គការផ្សេងៗនៅតាមតំបន់ផងដែរ។
មន្រ្តីអាមេរិកដដែល បានគូសបញ្ជាក់ថា «សកម្មភាពរបស់រុស្ស៉ី គឺជាមូលហេតុស្នូល ដែលយើងអាចទាញភ្ជាប់ដោយផ្ទាល់ទៅកាន់ គ្រប់បញ្ហាទាំងអស់ ដែលយើងកំពុងមើលឃើញនៅជុំវិញពិភពលោក ពាក់ព័ន្ធនឹងសន្តិសុខស្បៀង។ ទង្វើរបស់លោក ពូទីន បានបង្កភាពរាំងស្ទះជាខ្លាំង ដល់ការផលិតស្បៀងអាហារ និងវិស័យកសិកម្ម ហើយលោកបានប្រើប្រាស់ស្បៀងអាហារជាអាវុធ តាមរយៈការបំផ្លាញឃ្លាំងស្តុកផលិតផលកសិកម្ម ព្រមទាំងបិទខ្ទប់កំពង់ផែនានារបស់អ៊ុយក្រែន នៅសមុទ្រខ្មៅ»។
គួរបញ្ជាក់ថា G7 កំពុងព្យាយាមប្រមូលផ្តុំប្រទេសរីកចម្រើនផ្សេងទៀត ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី ដើម្បីប្រឆាំងនឹងអ្វីដែលលោកខាងលិច ហៅថាជាការឈ្លានពាន របស់ទីក្រុងមូស្គូ ហើយកិច្ចប្រជុំនាឆ្នាំនេះ ក៏បានអញ្ជើញប្រទេសប្រជាធិបតេយ្យ ដែលមានចំណូលមធ្យម និងទាប ចំនួន៥ផ្សេងទៀត ទៅចូលរួមផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

