ព័ត៌មានអន្តរជាតិ June 29, 2022

ចិនកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កកូវីដ១៩ សម្រាប់អ្នកដំណើរអន្តរជាតិ មកនៅត្រឹម ៧ថ្ងៃ

Khmerpress

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួនសម្រេចកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរអន្តរជាតិហើយ ដែលជាជំហានដ៏ធំមួយឆ្ពោះទៅរក ការបន្ធូរបន្ថយវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដ៏តឹងរ៉ឹង ដែលបានបន្តអស់រយៈពេលជាង ២ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២។

បើតាមគណៈកម្មការសុខភាពជាតិចិន NHC, អ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក នៅទីតាំងដែលបានកំណត់ ដូចជាសណ្ឋាគារ រយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ នៅពេលមកដល់ប្រទេសចិន។ ប៉ុន្តែពួកគេ នឹងត្រូវតម្រូវឱ្យចំណាយរយៈពេល ៣ថ្ងៃបន្ថែមទៀត នៅផ្ទះ មុនពេលពួកគេអាចចេញដើរខាងក្រៅបាន។ កាលពីមុន ការមកដល់ប្រទេសចិនរបស់អ្នកដំណើរក្រៅប្រទេស ជាធម្មតាត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កពីរយៈពេល ១៤ថ្ងៃទៅ ២១ថ្ងៃ អាស្រ័យលើទីក្រុង និងគោលដៅនៅក្នុងប្រទេស។

NHC បានបន្ថែមថា នៅក្នុងប្រទេសចិន អ្នកដែលបានធ្វើប្រាស្រ័យទាក់ជិតស្និទ្ធជាមួយករណីឆ្លងជំងឺ COVID-19 ក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កតែរយៈពេល ៧ថ្ងៃដូចគ្នា និងបន្តត្រួតពិនិត្យសុខភាពរយៈពេល ៣ថ្ងៃបន្ថែមទៀតនៅផ្ទះ ខណៈកាលពីមុន ពួកគេត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករហូតដល់រយៈពេល ១៤ថ្ងៃ។

គួរបញ្ជាក់ថា ប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹងព្រំដែនរបស់ខ្លួន កាលពីចុងខែមីនា ឆ្នាំ២០២០ ខណៈដែលស្ថានការណ៍ជំងឺ COVID-19 ក្នុងស្រុក បានចាប់ផ្តើមស្ថិតនៅក្រោមគ្រប់គ្រងបាន ប៉ុន្តែនៅក្រៅប្រទេស កំពុងឆ្លងរីករាលដាលខ្លាំង។ ជំងឺ COVID-19 បានលេចចេញជាលើកដំបូង នៅចុងឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន៕ ផ្តល់សិទ្ធិដោយ៖ freshnews