ព័ត៌មានអន្តរជាតិ June 29, 2022

លោក Kishida Fumio នឹង​ក្លាយជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​

Khmerpress

នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio នឹង​ក្លាយជា​មេដឹកនាំ​ជប៉ុន​ដំបូង​គេ​ ដែល​នឹងចូលរួម​កិច្ចប្រជុំ​កំពូល​ណា​តូ​ (The North Atlantic Treaty Organization)។ លោក Kishida បានមកដល់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូល G7 នៅប្រទេសអាល្លឺម៉ង់។ គាត់ស្ថិតក្នុងចំណោមមេដឹកនាំនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ៤ ដែលនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងចាប់ផ្តើមនៅថ្ងៃពុធនៅទីក្រុងម៉ាឌ្រីត។

ពួកគេនឹងចូលរួមជាមួយសមភាគីរបស់ពួកគេ ពីរដ្ឋសមាជិកចំនួន ៣០ របស់សម្ព័ន្ធភាពណាតូ ក៏ដូចជាប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានដាក់ពាក្យចូលជាសមាជិកអង្គការមួយនេះ។ លោក Kishida សង្ឃឹមថា នឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយណាតូ ដោយចែករំលែកទស្សនៈថា ការប៉ុនប៉ងឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពដោយកម្លាំង មិនត្រូវអត់ឱនបានឡើយ នៅគ្រប់ទីកន្លែងក្នុងពិភពលោកនេះ៕​ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត