លោក ពូទីន ព្រមានសងសឹក បើណាតូ ដាក់ពង្រាយកងទ័ព និងសព្វាវុធលើទឹកដីហ្វាំងឡង់ និងស៊ុយអែត
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថារុស្ស៉ីនឹងចាត់វិធានការឆ្លើយតបយ៉ាងសមាមាត្រ ប្រសិនបើ ណាតូ (NATO) ដាក់ពង្រាយកងទ័ព និងសព្វាវុធ ឬក៏ហេដ្ឋារចនាសម្ព័ន្ធយោធា នៅលើទឹកដីហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីប្រទេសទាំង២ ត្រូវបានអនុញ្ញាតឱ្យចូលបក្សសម្ព័ន្ធយោធាមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២។
លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ី ក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំនៃអតីតរដ្ឋសហភាពសូវៀត ក្នុងប្រទេស តួកម៉េនីស្ថាន។ លោក ពូទីនបានគូសបញ្ជាក់ដូច្នេះថា «ជាមួយស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាជាមួយពួកគេដូចដែលយើងមាន បញ្ហាជាមួយអ៊ុយក្រែននោះទេ។ ពួកគេចង់ចូលណាតូ អូខេ ចូលចុះ។ ក៏ប៉ុន្តែ ពួកគេត្រូវយល់ថាប្រសិនបើកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធ យោធាត្រូវបានដាក់ពង្រាយនៅទីនោះ នោះយើងនឹងធ្វើការឆ្លើយតបយ៉ាងសមាមាត្រ»។
គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោក ពូទីន ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសតួកគីដែលជាសមាជិកណាតូ បានសម្រេចចិត្ត លុបចោលការវេតូរបស់ខ្លួន មិនឱ្យហ្វាំងឡង់ និងស៊ុយអែត ចូលណាតូ ក្រោយប្រទេសទាំង៣ យល់ព្រមការពារសន្តិសុខគ្នាទៅវិញទៅមក៕ ផ្តល់សិទ្ធិដោយ៖ freshnews


