ព័ត៌មានអន្តរជាតិ July 5, 2022

អ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ

Khmerpress

(កៀវ)៖ ប្រទេសអ៊ុយក្រែន ត្រូវការកញ្ចប់ថវិកា ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ នៅក្រោយការឈ្លានពានរបស់ រុស្ស៉ី បិទបញ្ចប់។ នេះបើតាមនាយករដ្ឋមន្ត្រីអ៊ុយក្រែន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីស ស្ម៉ីហ្កាល់ (Denys Shmygal) ធ្វើការកត់សម្គាល់ខាងលើប្រាប់សន្និសីទស្ដីពីការស្ដារប្រទេសអ៊ុយក្រែន រៀបចំឡើងដោយប្រទេសស្វីស នៅថ្ងៃចន្ទសប្ដាហ៍នេះ។ បើតាមលោក ស្ម៉ីហ្កាល់ ការឈ្លានពានរបស់រុស្ស៉ី បានបង្កការបំផ្លិចបំផ្លាញដោយផ្ទាល់ ដល់ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនមកទល់នឹងពេលនេះ មានទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លាររួចទៅហើយ។

គួរបញ្ជាក់ថា បើតាមលោក ស្ម៉ីហ្កាល់ រដ្ឋាភិបាលអ៊ុយក្រែនជឿជាក់ថាប្រភពសំខាន់ នៃការប្រមូលថវិកាសម្រាប់ផែនការស្ដារអ៊ុយក្រែនឡើងវិញ គួរតែជាទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៉ី ដែលត្រូវបានក្រុមប្រទេសលោកខាងលិចរឹបអូស។ លោកបន្ថែមថាការស្ដារអ៊ុយក្រែន ត្រូវបែងចែក ជា ៣ដំណាក់កាល ដោយដំណាក់កាលចម្បង នោះគឺដោះស្រាយជីវភាពរស់នៅរបស់ប្រជាជនអ៊ុយក្រែនដូចជាការផ្គត់ផ្គង់ទឹកស្អាត ផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀនជាដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews