Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ចិនច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនចង់កាន់កាប់ឋានព្រះច័ន្ទ

BY Khmerpress July 5, 2022
ចិនច្រានចោលការចោទប្រកាន់របស់អាមេរិក ដែលថាខ្លួនចង់កាន់កាប់ឋានព្រះច័ន្ទ

(ប៉េកាំង)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចិនបានចេញមុខច្រានចោលពាក្យចោទប្រកាន់ ពីសំណាក់ប្រធានទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) ដែលថាចិនចង់គ្រប់គ្រងកាន់កាប់ឋានព្រះច័ន្ទ នៅក្នុងផ្នែកនៃមហិច្ឆតាកម្មវិធីយោធាមួយរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយ កាសែតអាល្លឺម៉ង់ ប៊ីល (Bild) ដែលចេញផ្សាយកាលពីចុងសប្តាហ៍មុន ប្រធានទីភ្នាក់ងារអវកាស ណាសា លោក បៀល នេលសុន (Bill Nelson) បានព្រមានយ៉ាងដូច្នេះថា «យើងត្រូវតែមានការព្រួយបារម្ភឱ្យបានខ្លាំងថា ចិនកំពុងចុះចតនៅលើឋានព្រះច័ន្ទ ហើយនឹងនិយាយថា ឥឡូវនេះវាគឺជារបស់យើង, អ្នកឯងកុំចង់ចូលមកឱ្យសោះ»។ ប្រមុខ NASA រូបនេះ ថែមទាំងបន្តចោទប្រកាន់ថា កម្មវិធីអវកាសរបស់ប្រទេសចិន គឺជាកម្មវិធីលក្ខណៈយោធា ហើយចិនបានលួចគំនិតនិងបច្ចេកវិទ្យាជាច្រើន ពីអ្នកដទៃ។

ឆ្លើយតបនឹងពាក្យចោទប្រកាន់ខាងលើរបស់លោក Nelson អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បានលើកឡើងយ៉ាងដូច្នេះថា «នេះមិនមែនជាលើកទីមួយឡើយ ដែលប្រមុខទីភ្នាក់ងារអវកាស NASA មិនខ្វល់ពីការពិត ហើយនិយាយស្តី ដោយគ្មានការទទួលខុសត្រូវអំពីប្រទេសចិន។ ភាគីអាមេរិកតែងតែបង្កើតយុទ្ធនាការលាបពណ៌ប្រឆាំង កិច្ចប្រឹងប្រែងរុករកទីអវកាស ដែលមានលក្ខណៈទូទៅធម្មតា និងសមហេតុសមផលរបស់ចិន ហើយចិនជំទាស់ដាច់ខាត ចំពោះពាក្យសម្តីដែលគ្មានការទទួលខុសត្រូវបែបនេះ»។

ជាចុងក្រោយលោក Zhao បានគូសបញ្ជាក់ថា ប្រទេសចិនតែងតែលើកកម្ពស់ ការកសាងអនាគតរួម សម្រាប់មនុស្សជាតិនៅក្នុងទីអវកាស ហើយប្រឆាំងជានិច្ចចំពោះការដាក់ពង្រាយ ឬរត់ប្រណាំងសព្វាវុធក្នុងទម្រង់ណាមួយ នៅក្នុងលំហអវកាស៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: