ព័ត៌មានអន្តរជាតិ July 13, 2022

ទីបំផុត Twitter បានដាក់ពាក្យប្ដឹងលោក Elon Musk ជាផ្លូវការ បន្ទាប់ពីដើរចេញពីកិច្ចព្រមព្រៀងទិញលក់ ៤៤ពាន់លានដុល្លារ

Khmerpress

(បរទេស)៖ ក្រុមហ៊ុន Twitter បានដាក់ពាក្យប្តឹងលោក Elon Musk ជាផ្លូវការកាលពីថ្ងៃអង្គារម្សិលមិញនេះ ពីបទរំលោភលើកិច្ចព្រមព្រៀងទិញលក់បណ្ដាញសង្គមមួយនេះក្នុងតម្លៃ ៤៤ពាន់លានដុល្លារ និងបានសុំឱ្យតុលាការ Delaware បញ្ឈប់ការច្របាច់បញ្ចូលគ្នានៃភាគហ៊ុនរបស់ Twitter ក្នុងតម្លៃ ៥៤.២០ដុល្លារក្នុងមួយភាគ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងពាក្យបណ្ដឹងបានលើកឡើងថា លោក Musk គឺបានរំលោភលើកិច្ចព្រមព្រៀង និងសេចក្ដីទុកចិត្តដ៏ធ្ងន់ធ្ងរ បើទោះបីជា គាត់ មានសេរីភាពក្នុងការផ្លាស់ប្ដូរចិត្តក្នុងការទិញក្ដី ប៉ុន្តែគាត់បានធ្វើឱ្យ ក្រុមហ៊ុន Twitter រងនូវការប៉ះពាល់ខ្លាំង, រំខាន់ដល់ ប្រតិបត្តិការ ក្រុមហ៊ុនទាំងមូល, បំផ្លាញតម្លៃភាគហ៊ុនរបស់ម្ចាស់ហ៊ុន និង បានដើរចេញដោយសារតែបញ្ហាតិចតួច។

តាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ Twitter បានឱ្យដឹងថា ក្រុមហ៊ុន Twitter នឹងប្រឆាំងជាមួយលោក Musk តាមផ្លូវច្បាប់ ឱ្យដល់ ទីបំផុត ខណ:ដែលអ្នកវិភាគបានលើកឡើងថា វានឹងក្លាយជាការប្រកួតប្រជែងតាមផ្លូវច្បាប់ដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ Wall Street។

ដើមហេតុដែលនាំឱ្យ Twitter សម្រេចចិត្តដាក់ពាក្យបណ្ដឹងនៅដើមសប្ដាហ៍នេះ ដោយសារតែកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោក Musk បានសម្រេចដើរចេញពីកិច្ចព្រមព្រៀងទិញលក់ ៤៤ពាន់លានដុល្លារអាមេរិកដោយសារតែ Twitter មានភាពយឺតយ៉ាវក្នុងការផ្ដល់ ព័ត៌មានលម្អិតពាក់ព័ន្ធនឹងគណនីក្លែងក្លាយ ឬ Spam៕ ផ្តល់សិទ្ធិដោយ៖ freshnews