ប្រទេសរុស្ស៊ី បានរកឃើញករណីជំងឺ “អុតស្វា” ដំបូងបង្អស់នៅក្នុងប្រទេស លើបុរសដែលទើបតែត្រលប់មកពីអឺរ៉ុប
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃជំងឺ “អុតស្វា” ដែលត្រូវបានរកឃើញនៅលើអ្នកជំងឺដែលទើបតែត្រលប់មកពីអឺរ៉ុប។ អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពមនុស្សនៅក្នុងប្រទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានបញ្ជាក់ពីករណីដំបូងនៃអុតស្វា លើបុរសម្នាក់ដែលបានត្រលប់ទៅប្រទេសរុស្ស៊ីវិញ បន្ទាប់ពីការធ្វើដំណើរពីបណ្តាប្រទេសអ៊ឺរ៉ុប ហើយបានទៅរកការព្យាបាលនៅមន្ទីរពេទ្យដោយសារតែមានឡើងកន្ទួល។
យ៉ាងណាមិញ អ្នកជំងឺត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក និងស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្រ្តដោយមានរោគសញ្ញាស្រាល ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ជាមួយគ្នានេះ ក្រុមឃ្លាំមើលបាននិយាយថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយលទ្ធភាពនៃការរីករាលដាលបន្ថែមទៀតក៏អាចគ្រប់គ្រងបានផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
