CDC របស់អាមេរិក បើកផ្លូវសម្រាប់ការចាក់វ៉ាក់សាំង Pfizer-BioNTech ឲ្យក្មេងវ័យជំទង់ ដើម្បីបង្ការកូវីដ-១៩
(វ៉ាស៉ីនតោន)៖ រដ្ឋនានានៃសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ Pfizer-BioNTech ដើម្បីចាក់ជូនដល់ក្រុមក្មេងវ័យជំទង់ បន្ទាប់ពីក្រុមប្រឹក្សានៅមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក បានគាំទ្រលើផែនការនេះ ក្នុងការបោះឆ្នោតជាឯកច្ឆ័ន្ទ នៅថ្ងៃពុធសប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។
រដ្ឋបាលចំណីអាហារ និងឪសថ (FDA) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងសម្រាប់ ក្រុមក្មេងវ័យជំទង់ដែលមានអាយុចាប់ពី ១២-១៥ឆ្នាំ ខណៈឪពុកម្តាយភាគច្រើនចង់ឲ្យកូនពួកគេ ទៅសាលារៀន និងការបោះជំរំរដូវក្តៅ។ ការសម្រេចរបស់ក្រុមប្រឹក្សារបស់ CDC គឺមានសារៈសំខាន់ណាស់ ប៉ុន្តែវាមិនតម្រូវជាការបោះត្រាចុងក្រោយ នៃការអនុម័តបទប្បញ្ញត្តិលក្ខណៈសហព័ន្ធនោះទេ។ កាលពីមុន អាយុក្មេងជាងគេ ដែលត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំង Pfizer គឺ១៦ឆ្នាំ។
គណៈកម្មាធិការប្រឹក្សាស្តីពីការអនុវត្តការចាក់វ៉ាក់សាំង (ACIP) ដែលផ្តល់អនុសាសន៍ដល់ CDC បានបោះឆ្នោតគាំទ្រ១៤សំឡេង ទល់នឹងសូន្យសំឡេងប្រឆាំង ដើម្បីគាំទ្រវ៉ាក់សាំង Pfizer បន្ទាប់ពីការពិនិត្យមើលលើភស្តុតាង នៃការធ្វើតេស្តសាកល្បងដែលបង្ហាញថា មិនមាននរណាម្នាក់នៅក្នុង ក្រុមក្មេងវ័យជំទង់ដែលមានអាយុចាប់ពី១២-១៥ឆ្នាំ ដែលបានទទួលការចាក់វ៉ាក់សាំងនេះ បានឆ្លងជំងឺ COVID-19 នោះទេ ហើយក៏មិនមាននណាម្នាក់ មានប្រតិកម្មអាលែកហ្ស៉ីធ្ងន់ធ្ងរដែរ។
ម៉្យាងវិញទៀត វ៉ាក់សាំងនេះ បានបង្កើតការឆ្លើយតបនៃអង្គបដិប្រាណ ដែលរឹងមាំនៅក្នុងក្រុមក្មេងវ័យជំទង់នោះ ហើយបានបង្ហាញថា មានប្រសិទ្ធិភាព០០ភាគរយ នៅក្នុងការធ្វើតេស្តសាកល្បង ដោយមិនមានករណីនៃការឆ្លងជំងឺ COVID-19 ក្នុងចំណោមក្មេងជំទង់ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញនោះទេ។
គួរបញ្ជាក់ថា បើតាមលោក Rochelle Walensky នាយក CDC វិធានការនេះ នឹងបើកផ្លូវសម្រាប់ការចាក់វ៉ាក់សាំងជូនដល់ ក្រុមក្មេងវ័យជំទង់ប្រហែល ១៧លាននាក់ ហើយការចាក់វ៉ាក់សាំងសម្រាប់ក្រុមក្មេងវ័យជំទង់ គួរតែអាចជួយកាត់បន្ថយ ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ក្នុងពេលដែលវីរុសបំប្លែងខ្លួនថ្មី កំពុងឆ្លងរីករាលដាលកាន់តែច្រើនឡើង និងអាចកាត់បន្ថយរយៈពេលឱ្យខ្លី ដើម្បីត្រលប់ទៅរកសភាពធម្មតាវិញ សម្រាប់ពលរដ្ឋអាមេរិកផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews