អ្នកជំនាញអះអាងថា អ្នកឆ្លងកូវីដជាក់ស្តែងនៅថៃគឺមានប្រហែល ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ខណៈតួលេខផ្លូវការបង្ហាញត្រឹមខ្ទង់ ២ពាន់នាក់ប៉ុណ្ណោះ
ថៃ៖ តួលេខអ្នកឆ្លងជំងឺកូវីដ-១៩នៅប្រទេសថៃនៅក្នុងរយៈចុងក្រោយនេះប្រហែលជាអាចឡើងដល់ខ្ទង់ ៥០,០០០នាក់ក្នុងមួយថ្ងៃ នេះបើយោងតាមការសន្និដ្ឋានរបស់លោករេជ្ជបណ្ឌិត Nitipatana Chieraku ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងប្រចាំនៅក្នុងមន្ទីរពេទ្យ Siriraj។ យ៉ាងណាក្តី បើយោងតាមតួលេខផ្លូវការរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញត្រឹមថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដានេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃមានចំនួនត្រឹម ២,២៥៧នាក់ ស្លាប់២៨នាក់ ខណៈតួលេខអ្នកឆ្លងគិតជាមធ្យមគឺខ្ទង់ ២,០០០នាក់ក្នុងមួយថ្ងៃ។
ហេតុផលដែលធ្វើឲ្យតួលេខអ្នកឆ្លងផ្លូវការខុសពីតួលេខអ្នកឆ្លងជាក់ស្តែងនោះក៏ព្រោះថានៅក្នុងរបាយការណ៍ផ្លូវការគឺគេរាប់តែអ្នកដែលបានទៅធ្វើតេស្តដោយម៉ាស៊ីនធំ PCR នៅតាមមន្ទីរពេទ្យប៉ុណ្ណោះ ខណៈអ្នកធ្វើតេស្តដោយឧបករណ៍រហ័សជាលក្ខណៈឯកជនមិនត្រូវរាប់បញ្ចូលឡើយ។ លោកវេជ្ជបណ្ឌិត Nitipatana Chieraku បានបន្តទៀតថា ភាគច្រើននៃអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទាំងអស់នោះបានជ្រើសរើសយកការព្យាបាលដោយខ្លួននៅតាមផ្ទះ ព្រោះតែពួកគេមិនមានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នោះទេ។ គួរបញ្ជាក់ជូនផងដែរថា ក្រុមអ្នកជំនាញថៃបានព្យាករណ៍ថាជំងឺកូវីដ-១៩នឹងផ្ទុះខ្លាំងឡើងវិញនៅក្នុងប្រទេសថៃក្នុងចន្លោះពីខែសីហាដល់ខែកញ្ញាខាងមុខនេះ ហើយតួលេខអ្នកឆ្លងផ្លូវការអាចកើនឡើងដល់ខ្ទង់ ២-៣ម៉ឺននាក់ក្នុងមួយថ្ងៃ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

