ព័ត៌មានអន្តរជាតិ July 18, 2022

Lisa បង្ហាញនំថៃលើ Instagram វិញម្ដង ក្រោយពីមុនធ្លាប់បង្ហាញពីប្រហិត និងម្កុដ ធ្វើឱ្យអ្នកលក់នៅថៃ លក់ដាច់រើដៃមិនរួច

Khmerpress

កាលពីពេលកន្លងទៅនេះ “Lisa” ដែលជាតារាចម្រៀង k-pop ដ៏ល្បីមួយរូបនៅក្នុងក្រុម Blackpink បានសាងភាពភ្ញាក់ផ្អើល និងជួយដល់អាជីវកម្មរបស់ប្រជាជនថៃចំនួន ២ ទី១ គឺអាជីវកម្មលក់ប្រហិតនៅតាមដងផ្លូវនៅក្នុងខេត្តបូរីរ៉ាំ និងមួយទៀតគឺ ក្រុមហ៊ុនច្នៃម៉ូតរបស់ប្រទេសថៃ ដែលលក់ម្កុដដាច់គ្មានសល់ ក្រោយពីតារាស្រីវ័យក្មេងរូបនេះបានចេញបទចម្រៀង “LALISA” ដោយការតុបតែងខ្លួនមានពាក់ម្កុដដ៏ស្រស់ស្អាត។

យ៉ាងណាមិញ កាលពីថ្ងៃសុក្រថ្មីៗនេះ តារាស្រីជនជាតិថៃរូបនេះ កំពុងបង្កើតភាពទាក់ទាញថ្មីមួយទៀត ដោយរូបនាងបានបង្ហោះវិដេអូខ្លីៗ “stories” បង្ហាញពីនំថៃ នៅលើគណនី Instagram របស់ខ្លួនដែលមានអ្នកតាមដានចំនួន ៨០លាន។ នៅក្នុង “stories” Lisa បានបង្ហាញនូវនំប្រពៃណីរបស់ថៃចំនួន ៣ មុខគឺ នំណ្ដែកសូនជារូបរាងផ្លែឈើ “luk chup” ,នំចេកចំហុយ និងនំមួយទៀត គឺមានឈ្មោះថា “sai mai (cotton candy)” ជា​អាហារ​ឆ្ងាញ់​ពិសេស​ប្រចាំ​ខេត្ត​អយុធ្យា ដោយអាជីវករជាច្រើនបាននាំគ្នាលក់នៅជិតមន្ទីពេទ្យ Phra Nakhon Si Ayutthaya។

យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនឆ្ងល់ថា តើការបង្ហាញ “stories” របស់ Lisa នឹងធ្វើឱ្យនំថៃ ៣មុខនេះ ល្បីល្បាញ និងលក់ដាច់ ដូចទៅនឹងប្រហិតនៅបូរីរ៉ាំ និងម្កុដ ដែរឬយ៉ាងណា? បន្ទាប់ពីតារាស្រីរូបនេះ បាននិយាយអំពីអ្នកលក់ប្រហិតដែលនាងចូលចិត្តនៅ បូរីរ៉ាំ ក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីឆ្នាំមុន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត