ប្រធានាធិបតីអាមេរិក ចូ បៃដិន តេស្តឃើញ «អវិជ្ជមាន» ឡើងវិញ ចំពោះជំងឺកូវីដ១៩ ក្រោយដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ៥ថ្ងៃ
(វ៉ាស៊ីនតោន)៖ វេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់លោកបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានឡើវិញ ចំពោះជំងឺកូវីដ១៩ បន្ទាប់ពីបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រាំថ្ងៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០២២។
លោកវេជ្ជបណ្ឌិត Kevin O’Connor បានឲ្យដឹងថា លោក បៃដិន បានធ្វើតេស្ដអង់ទីហ្សែនចំនួនពីរលើក។ លើកទី១ នៅល្ងាចថ្ងៃអង្គារ និងលើកទី២ នៅព្រឹកថ្ងៃពុធ ដោយលទ្ធផលគឺអវិជ្ជមានទាំងពីរ។
ទន្ទឹមគ្នានោះ លោកក៏បានបញ្ជាក់ផងដែរថា លោកប្រធានាធិបតីនឹងបន្តពាក់ម៉ាសរយៈពេល១០ថ្ងៃបន្ថែមទៀត ដើម្បីបង្ការការពារការរីករាលដាលនៃមេរោគ ហើយគាត់នឹងធ្វើតេស្តញឹកញាប់ដើម្បីរកមើលការកើតឡើងវិញនៃមេរោគ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដាកន្លងទៅ សេតវិមានអាមេរិកបានប្រកាសថា លោក ចូ បៃដិន បានតេស្តវិជ្ជមានកូវីដ១៩ ខណៈដែលលោកបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer ចំនួនពីរលើក ដោយលើកដំបូងក្នុងខែធ្នូ ឆ្នាំ២០២០ និងលើកទីពីរ នៅខែមករា ឆ្នាំ២០២១ ហើយបានទទួលការចាក់ដូសជំរុញថ្នាំ Pfizer ចំនួនពីរលើកផងដែរ គឺនៅក្នុងខែកញ្ញា ឆ្នាំ២០២១ និងខែមីនា ឆ្នាំ២០២២៕ ផ្តល់សិទ្ធិដោយ៖ freshnews

