Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

អេស្ប៉ាញរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង

BY Khmerpress July 30, 2022
អេស្ប៉ាញរកឃើញអ្នកបាត់បង់ជីវិតដោយជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង

អេស្ប៉ាញ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអេស្ប៉ាញបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់ម្នាក់ដោយជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែកក្កដានេះ។ ករណីស្លាប់នេះគឺជាករណីទី ១ហើយសម្រាប់ប្រទេសអេស្ប៉ាញ និងជាករណីដំបូងដែលបានកើតមាននៅក្នុងតំបន់អឺរ៉ុបផងដែរ ខណៈគិត ត្រឹមពេលនេះមានមនុស្សចំនួន ២នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺអ៊ុតស្វា Monkeypox នៅក្នុងរលកនៃការរាតត្បាតថ្មីៗនេះដោយមិនរាប់បញ្ចូលករណីស្លាប់នៅក្នុងតំបន់អាហ្វ្រិកនោះទេ។

យោងតាមរបាយការណ៍មួយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា បើគិតជាសរុបរួមអំពីចំនួនអ្នកស្លាប់ទាំងអស់នៅជុំវិញពិភពលោកចាប់តាំងមានការរាតត្បាត ជំងឺអ៊ុតស្វា Monkeypox មក ពោលគឺរាប់បញ្ចូលទាំងករណីស្លាប់នៅតំបន់អាហ្វ្រិកគឺគិតត្រឹមពេលនេះមានអ្នកស្លាប់សរុបចំនួន ៥នាក់ហើយ។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ២២,១៤១នាក់ នៅក្នុងប្រទេសចំនួន ៧២ផ្សេងគ្នា ដោយមិនរាប់បញ្ចូលប្រទេសនៅតំបន់អាហ្វ្រិកដែលជាកន្លែងធ្លាប់កើតមានជំងឺប្រភេទនេះជាធម្មតានោះទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: