រឿងរ៉ាវហាក់ចប់សព្វគ្រប់ហើយ! ស្រាប់តែពេលនេះ Will Smith បញ្ចេញវីដេអូសុំទោសថ្មីដ៏រំជួលចិត្តមួយ ជុំវិញការទះកំផ្លៀង Chris Rock នៅលើឆាក Oscars
(អាមេរិក)៖ រឿងរ៉ាវផ្អើលពិភពលោក ដែលតារាសម្តែងល្បីឈ្មោះ Will Smith បានឡើងទៅដល់លើឆាកនៃកម្មវិធី Oscars ទះកំផ្លៀង Chris Rock នោះ គឺបានកើតឡើងតាំងពីដើមឆ្នាំមកម្ល៉េះ ហើយរហូតមកទល់ពេលនេះ ហាក់បីដូចជាចប់សព្វគ្រប់អស់ហើយ។ តែយ៉ាងណានៅពេលនេះ តារាសម្ដែង Will Smith ស្រាប់តែបង្ហោះវីដេអូសុំទោសថ្មីដ៏រំជួលចិត្ត ចំពោះការទះកំផ្លៀង Chris Rock ដោយបង្ហាញក្នុងឃ្លីបវីដេអូដ៏វែងមួយនៅលើបណ្តាញសង្គម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គមកាលពីថ្ងៃសុក្រ ទី២៩ ខែកក្កដា ម្សិលមិញនេះ Smith បាននិយាយថាភរិយារបស់លោក គឺតារាសម្តែង Jada Pinkett Smith ដែលអង្គុយក្បែរលោក ហើយត្រូវបាន Rock យកទៅនិយាយលេងសើចចំអកអំពីនាង បានជំរុញឲ្យលោកក្នុងនាមជាប្តី ឡើងវាយប្រហារ Chrisk Rock តែម្តង។ Will Smith បានអះអាងថា ទង្វើបែបនេះ គឺជាការសម្រេចចិត្តរបស់លោកផ្ទាល់ ខណៈទង្វើនេះ គឺលោកសុំទោសផងដែរចំពោះ Pinkett-Smith និងកូនៗ។
ក្នុងវីដេអូនោះ លោកបានបន្តថា គ្មានផ្នែកណាមួយដែលលោកគិតថា ទង្វើនោះជាវិធីល្អបំផុត ដើម្បីដោះស្រាយអារម្មណ៍ទេព្រោះជាការដែលមិនគោរព ឬការប្រមាថ។ យ៉ាងណាមិញ គេសង្កេតឃើញថា ការចេញវីដេអូរបស់ Will Smith នៅពេលនេះ គឺបន្ទាប់ពី Rock នៅដើមខែនេះ អំឡុងពេលចូលរួមកម្មវិធីមួយ លោកបានបន្តនិយាយលេងសើច ពាក់ព័ន្ធនឹងការទះកំផ្លៀងថា «នរណាដែលនិយាយពាក្យឈឺចាប់ គឺមិនដែលត្រូវគេវាយចំមុខទេ…ខ្ញុំមិនមែនជាជនរងគ្រោះទេ…ខ្ញុំមិនទៅមន្ទីរពេទ្យទេ…»។
គួរជម្រាបថា បើគេនៅចាំមិនភ្លេច Smith បានធ្វើការសុំទោសជាសាធារណៈភ្លាមៗ បន្ទាប់ពីមានហេតុការណ៍ខាងលើកើតឡើង ហើយលោកត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងកម្មវិធី Oscars រយៈពេល ១០ឆ្នាំ បន្ទាប់ពីការទះកំផ្លៀង Chris Rock។ បុរសវ័យ ៥៣ឆ្នាំរូបនេះ ក៏បានលាលែងពីសមាជិកភាពរបស់លោកពីកម្មវិធី Oscar ប៉ុន្តែមិនបានសម្រេច ខណៈឆ្នាំនេះ លោកទទួលបានពានរង្វាន់តារាសម្តែងល្អបំផុត សម្រាប់ការដើរជាតួអង្គ King Richard៕ ផ្តល់សិទ្ធិដោយ៖ freshnews



