ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគជាង ៣០០លានដុល្លារ ផលិតកង់កៅស៊ូរថយន្តនៅកម្ពុជានាឆ្នាំ២០២៣ ខាងមុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនចិន គ្រោងបោះទុនវិនិយោគជាង ៣០០លានដុល្លារ ផលិតកង់កៅស៊ូរថយន្តនៅកម្ពុជានាឆ្នាំ២០២៣ខាងមុខ ខណៈប្រទេសកម្ពុជាមានសុខសន្ដិភាព និងមានការអភិវឌ្ឍជាលំដាប់។
លោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាល លើកឡើងថា ដោយមានគោលនយោបាយល្អ និងការទាក់ទាញវិនិយោគ សម្រាប់ក្នុងឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ ក្រុមហ៊ុននឹងបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយទៀតនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលមានទុនវិនិយោគរហូតដល់ជាង ៣០០លានដុល្លារ។
ការលើកឡើងនេះ ក្នុងឱកាស ដែលឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យរូបលោក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមី ហ្សីន (តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងដំណើរការវិនិយោគ និងវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅទីស្តីការក្រសួងការងារ កាលពីថ្មីៗនេះ។
លោកប្រធាន បញ្ជាក់ថា ក្រុមហ៊ុនសម្លឹងមើលឃើញ រដ្ឋាភិបាលកម្ពុជា កំពុងសិក្សានូវគម្រោងអភិវឌ្ឍន៍នៅខេត្តព្រះសីហនុចំនួនពីរធំៗ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។ គម្រោងផ្លូវល្បឿនលឿន ក៏ស្នូរនៃការអភិវឌ្ឍដោយមានការរួមចំណែកពីរដ្ឋាភិបាលចិន ដើម្បីសម្រួលដល់ការធ្វើដំណើរឲ្យបានឆាប់រហ័ស។
ជាការឆ្លើតបទៅនឹងដំណឹងរីករាយនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រំពឹងថា ការបង្កើតរោងចក្រផលិតកង់កៅស៊ូរថយន្តដ៏ធំមួយនេះ ពិតជាបានផ្តល់នូវផលប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាកសិករខ្មែរដាំដំណាំកៅស៊ូ ដើម្បីផ្តល់ជូនដល់ក្រុមហ៊ុន ព្រមជាមួយកម្លាំងពលកម្មរាប់ពាន់នាក់បន្ថែមទៀត ដែលជាតម្រូវការសម្រាប់ផ្គត់ផ្គង់ចង្វាក់ផលិតកម្មបន្ថែមរបស់ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាន់តែងាយស្រួលក្នុងការនាំចេញ និងនាំចូលផលិតផលជាច្រើនរវាងប្រទេសទាំងពីរ និងការពង្រីកខ្លួនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន ពិតជាត្រូវការកម្លាំងពលកម្មច្រើនបន្ថែមទៀត ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ក្រុមហ៊ុនឲ្យបន្តកិច្ចសហការជាមួយខាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំឲ្យមានការបណ្តុះ បណ្តាលមួយដែលមានគុណភាព ដោយសហការជាមួយសកលវិទ្យាល័យរបស់ចិន ដើម្បីធ្វើការបណ្តុះបណ្តាល និងជ្រើសរើសសម្រាប់បំពេញតម្រូវការ របស់ក្រុមហ៊ុន៕ ប្រភព៖ ក្រសួងព័ត៌មាន


