អាមេរិកប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងភាពមានអាសន្នជុំវិញករណីរាតត្បាតជំងឺអ៊ុតស្វា Monkeypox
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ទី១ ខែសីហាម្សិលមិញនេះ បានប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ាក្នុងភាពមានអាសន្នហើយជុំវិញករណីរាតត្បាតនៃជំងឺអ៊ុតស្វា Monkeypox នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times។ បើតាមលោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វ័រញ៉ាបានឲ្យដឹងថា ការសម្រេចប្រកាសដាក់រដ្ឋក្នុងគ្រាមានអាសន្ននេះត្រូវបានធ្វើឡើងក្រោយជំងឺជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់ពលរដ្ឋអាមេរិកជាង ៥,៨០០នាក់ ហើយក្នុងនោះករណីឆ្លងចំនួន ៨២៧នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋលីហ្វ័រញ៉ា។
យ៉ាងណាក្តី រដ្ឋកាលីហ្វ័រញ៉ាមិនមែនជាទីកន្លែងដែលមានការរាតត្បាតជំងឺអ៊ុតស្វា Monkeypox ច្រើនបំផុតនៅអាមេរិកនោះទេ តែទីក្រុងញូវយ៉កឯណោះវិញទេដែលជាកន្លែងមានករណីឆ្លងច្រើនបំផុតដោយគិតត្រឹមពេលនេះនៅក្នុងទីក្រុងញូវយ៉កទាំងមូលគឺមានករណីឆ្លងជំងឺអ៊ុតស្វា Monkeypox រហូតដល់ជាង ១,៣៩០នាក់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានចម្លងទៅកាន់មនុស្សជាង ១៨,០០០នាក់នៅក្នុងប្រទេសចំនួន ៧៨ផ្សេងគ្នានៅជុំវិញពិភពលោក ដោយមិនរាប់បញ្ចូលករណីឆ្លងនៅក្នុងតំបន់អាហ្វ្រិកនោះទេ ខណៈភាគច្រើននៃករណីឆ្លងគឺត្រូវបាករកឃើញនៅក្នុងតំបន់អឺរ៉ុប៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

