សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើសង្សាររបស់ លោក ពូទីន
(វ៉ាស៉ីនតោន)៖ ក្រសួងហិរញ្ញវត្ថុអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសដាក់ទណ្ឌកម្មលើសង្សារ របស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ដែលជាផ្នែកមួយនៃការចាត់វិធានការលើឥស្សរជនរុស្ស៉ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា នាង អាលីណា ម៉ារ៉ាតូវណា កាបេវ៉ា (Alina Maratovna Kabaeva) ដែលមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំរុស្ស៉ី ត្រូវបានដាក់ទណ្ឌកម្មក្រោមហេតុផលថា នាងបានក្លាយជាអ្នកដឹកនាំ ឬ ធ្លាប់ជាអ្នកដឹកនាំក្រុមមន្រ្តីរុស្ស៉ី ឬជាមន្រ្តីប្រតិបត្តិជាន់ខ្ពស់ ឬជាសមាជិកក្រុមប្រឹក្សាភិបាលនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី។ សេចក្តីថ្លែងការដដែល បានពិព័ណ៌នាថា នាង កាបេវ៉ា អាយុ ៣៩ឆ្នាំ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ពូទីន។ នាងគឺជាអតីតសមាជិកសភាជាន់ទាបរបស់រុស្ស៉ី ហើយបច្ចុប្បន្ននាងគឺជាប្រធានក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រដោយវិមានក្រឹមឡាំង។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក៏បានកំពុងដាក់កំហិតទិដ្ឋាការ លើមន្ត្រីសហព័ន្ធរុស្ស៊ីចំនួន ៨៩៣ នាក់ និង មន្ត្រីរដ្ឋាភិបាលបរទេសចំនួន ៣១នាក់ ដែលបានធ្វើសកម្មភាពគាំទ្រការបញ្ចូលតំបន់គ្រីមៀ ដែលអ៊ុយក្រែននិងប្រទេសលោកខាងលិច សន្មត់ថាបានគំរាមកំហែង ឬរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន៕ ផ្តល់សិទ្ធិដោយ៖ freshnews

