ថវិកាជាង១០លានដុល្លារ គ្រោងនឹងយកមកប្រើប្រាស់ក្នុងការសាងសង់បង្គោលអង់តែន
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ រៀបចំសាងសង់បង្គោលអង់តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្តល់ភាពងាយស្រួលទៅប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងការប្រើប្រាស់សេវាទូរស័ព្ទនិង internet។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរ គមនាគមន៍ បានឱ្យដឹងថា ចំពោះបង្គោលអង់តែន គឺក្រសួងបានជួបប្រជុំជាមួយ នឹងក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ និងក្រសួងបរិស្ថាន ដើម្បីរៀបចំចុះទៅមើលទីតាំង ហើយក្រសួងនឹងរៀបចំសាងសង់បង្គោលអង់ តែនចំនួន១០០អង់តែន ដែលគ្រោងចំណាយថវិកាជាង១០លានដុល្លារ ដើម្បីផ្ដល់នូវសេវាទូរសព្ទ នៅទីកន្លែងទេសចរណ៍វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន រួមទាំងផ្តល់នូវ Public wifi នៅក្នុងតំបន់អង្គរផងដែរ។
មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្តីពី សមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងប្រៃស ណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុម ការងារ នឹងរៀបចំចុះទៅមើល ខណៈក្រសួងទេសចរណ៍ និងក្រសួងបរិស្ថាន មានការដ្ឋាន និងទីតាំងជាង១០០ ដែលអាចនឹងចុះទៅសប្ដាហ៍ក្រោយនេះ។
«ក្រសួងនឹងទៅដាំបង្គោលអង់តែន តាមប្រសាសន៍ណែនាំរបស់សម្តេច ហើយនឹងធ្វើឱ្យបានលឿន ទៅតាមលទ្ធភាពរបស់ ក្រសួង ខណៈការចំណាយក្រសួងនឹងចំណាយថវិកាប្រហែលជាអស់ជាង១០ លានដុល្លារ ក្នុងការសាងសង់បង្គោលអង់តែនចំនួន១០០។ ក្រសួងនឹងជជែកគ្នាជាមួយប្រតិបត្តិករដើម្បីថា ឱ្យគាត់យកឧបករណ៍របស់គាត់ យកទៅដាក់តាមបង្គោលអង់តែន ដែលក្រសួងបានសាងសង់ផងដែរ។ យើងនឹងបន្តជំរុញ ឱ្យតំបន់ជនបទដាច់ស្រយាលឱ្យមានសេវា តាមរយៈការ សាងសង់បង្គោលអង់តែន ជាបន្តបន្ទាប់ទៅទៀត ជាពិសេសគឺនៅតំបន់អង្គរ យើងនឹងរៀបចំសាងសង់ បង្គោលអង់តែន និង Public WiFi ឱ្យមានសម្រាប់អ្នក ទេសចរចូលមក គឺមានសេវាទូរសព្ទទាំងអស់ នៅក្នុងតំបន់អង្គរ»។
ឯកឧត្តមបានបន្ថែមថា ក្រសួងបានសហការជាមួយ នឹងក្រុមការងារ៥តំបន់ ដើម្បីទៅរកទីកន្លែងទេសចរណ៍ ឬក៏វប្បធម៌ ឬក៏កន្លែងអភិរក្សមួយចំនួន ដែលស្នើដល់ក្រសួងទេសចរណ៍, ក្រសួង បរិស្ថាន និងក្រសួងវប្បធម៌ ខណៈដែលក្រុមការងារ ក៏បានកំណត់អស់ហើយដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានស្ថានីយ៍អង់តែនទូរសព្ទចល័ត កំពុងប្រើប្រាស់ទូទាំងប្រទេសជាង ១ម៉ឺន និងអ្នក ប្រើប្រាស់សេវាទូរសព្ទ និងអ៊ីនធឺណិត៖ សេវាទូរសព្ទចល័ត ១៩លាន និងសេវាអ៊ីនធឺណិតចល័តជាង ១៧ លានស៊ីម សេវាទូរសព្ទអចល័តជាង៣ម៉ឺន និងសេវាinternet អចល័តជាង៣១ម៉ឺន៕ ប្រភព៖ ក្រសួងព័ត៌មាន

