Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ, លោក គីម រិទ្ធី ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ រៀបចំពិធីបួងសួងសុំសេចក្តីសុខនៅប្រាសាទព្រះវិហារ និងសួរសុខទុក្ខកងកម្លាំងឈរជើងនៅសមូរភូមិមុខ

    BY Khmerpress August 7, 2022
    ក្រោយប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ, លោក គីម រិទ្ធី ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ រៀបចំពិធីបួងសួងសុំសេចក្តីសុខនៅប្រាសាទព្រះវិហារ និងសួរសុខទុក្ខកងកម្លាំងឈរជើងនៅសមូរភូមិមុខ

    (ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីរាជការតាមមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរក្រុងស្រុក បានអញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តនៅប្រាសាទព្រះវិហារ និងអញ្ជើញសួរសុខទុក្ខកងកម្លាំងឈរជើងនៅប្រាសាទព្រះវិហារ។

    នៅក្នុងឱកាសនោះ លោក គីម រិទ្ធី រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ បានអញ្ជើញអុជធូបសុំសេចក្តីសុខ និងបានប្រគេនទេយ្យវត្ថុ បច្ច័យ ដល់ព្រះសង្ឃគង់នៅវត្តកែវសិក្ខាគីរីស្វារះ និងបានរៀបចំពិធីគោរពទង់ជាតិ ព្រមទាំងបួងសួង សុំសេចក្តីសុខពីទស្សន៍បារមីលោកតាឌី ដែលថែរក្សាប្រាសាទព្រះវិហារ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងខេត្ត សូមទទួលបានសេចក្តីសុខតរៀងទៅ ហើយលោកបានប្តេជ្ញាចិត្តចំពោះទស្សបារមីលោកតាឌី នឹងអនុវត្តន៍ចំណុចទាំង១០ ដែលលោកបានប្តេជ្ញាចិត្តក្នុងពេលប្រកាសតែងតាំងកាលពីចូលកាន់តែតំណែងឱ្យបានជោគជ័យ។

    លោក គីម រិទ្ធី ក៏បានថ្លែងរំលឹកពីអនុស្សាវរីយ៍ ដែលលោកធ្លាប់មានជាមួយបងប្អូនកងកម្លាំងឈរជើងនៅទីនេះ ដែលកន្លងមកលោកធ្លាប់បានដឹកនាំក្រោមការចង្អុលបង្ហាញពីមេបញ្ជាការសមូរភូមិមុខ បានដឹកនាំនូវចលនាសមូរភូមិក្រោយ ចលនាស្នេហាជាតិ ដើម្បីគាំទ្រសមូរភូមិមុខ ដោយបំផុសឱ្យយុវជនទូទាំងប្រទេសដាក់វេនគ្នា សួរសុខទុក្ខបងៗនៅខាងមុខ និងឈានបង្កើតបាននូវជំរុំយុវជនសម្តេចតេជោមួយនៅវរ៣៨២។

    ដោយអនុវត្តន៍តាមការណែនាំពីលោក ហ៊ុន ម៉ាណែត ស្របពេលដែលលោកត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះវិហារ លោកនឹងធ្វើការកជួសជុលជំរុំយុវជនសម្តេចតេជោឡើងវិញ ព្រមទាំងកសាងជំរុំបន្ថែមទៀត ដើម្បីជំរុញផ្សាភ្ជាប់យុវជននៅខាងក្រោយ គាំទ្របងប្អូនកងកម្លាំងយើងនៅខាងមុខ។ លោកក៏បានសំដែងនូវក្តីសប្បាយរីករាយ ដែលបានជួបជាមួយបងប្អូនយុទ្ធមិត្តចាស់ក្នុងក្នុងពេលដែលលោកទទួលតំណែងថ្មី។

    នៅក្នុងឱកាសនេះដែរ លោក គីម រិទ្ធនិងលោកស្រី បានឧបត្ថម្ភថវិកាចំនួន២៥០០ដុល្លារ ដល់ទីបញ្ជាការសមូរភូមិមុខកងពលធំអន្តរាគមន៍លេខ៣ និងឧបត្ថម្ភថវិកាចំនួន២៥០០ដុល្លាទៀត ដល់ទីបញ្ជាការសមូរភូមិមុខកងពលតូចអន្តរាគមន៍លេខ៨ ព្រមទាំងចែកជូនថវិកាម្នាក់ៗ៤០០០០រៀល ដល់ពលករ ឆ្មាំ សន្តិសុខអភិរ័ក្ស កងកម្លាំងឈរជើងនៅលើប្រាសាទព្រះវិហារ ព្រមទាំងកងកម្លាំងនគរបាល និងកងទ័ពចំនួន១៨០នាក់ នៅ ៥ មករាផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Freshnews

    Share This Post: