ព័ត៌មានជាតិ May 15, 2021

កញ្ញា មាន ពេជ្ររីតា ចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលផ្តល់មេធាវីឱ្យជួយរកយុត្តិធម៌ដល់នាង (Video inside)

Khmerpress

(ភ្នំពេញ)៖ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia បានចេញវីដេអូមួយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់មេធាវីដើម្បីការពារក្តី និងជួយរកយុត្តិធម៌ឱ្យកញ្ញានាពេលនេះ។

ការថ្លែងអំណរគុណនេះ បានធ្វើឡើងបន្ទាប់ពី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យនាងនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីមានការដាក់ពាក្យស្នើ និងធានាដោយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ លោក គី តិច។

តាមរយៈវីដេអូមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ កញ្ញា មាន ពេជ្ររីតា និងក្រុមគ្រួសារបានជូនពរសម្តេចតេជោ ហ៊ុន សែន និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំប្រទេសជានិច្ចនិរន្តរ៍។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេច ចេញការពារក្តី និងស្វែងរកយុត្តិធម៌ជូន កញ្ញា មាន ពេជ្ររីតា រហូតដល់ទីបញ្ចប់ បន្ទាប់ពីសម្តេចបានជ្រាបអំពីរឿងរ៉ាវរហូតដល់មានការចាប់ខ្លួនសិល្បការិនីរូបនេះ។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយ លោក គី តិច ត្រូវបានអនុញ្ញាតឱ្យចូលខ្លួនស្រាវជ្រាវលើករណី កញ្ញា មាន ពេជ្ររីតា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីមានការសង្ស័យថា មានភាពអយុត្តិធម៌៕ ផ្តល់សិទ្ធិដោយ៖ freshnews