ព័ត៌មានអន្តរជាតិ August 10, 2022

ក្រុមហ៊ុនមួយនៅអាមេរិក រៃអង្គាសប្រាក់បាន ១២០,០០០ដុល្លារ ដើម្បីផលិតតុក្កតាលោក ហ្សេលេនស្គី

Khmerpress

(ញូយ៉ក)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដែលកំពុងតែបន្តប្រឹងប្រែងប្រយុទ្ធតស៊ូ ជាមួយការឈ្លានពានរបស់រុស្ស៉ី តាំងតែពីខែកុម្ភៈមកនោះ កំពុងត្រូវក្រុមហ៊ុនរចនាផលិតផលមួយ នៅទីក្រុងញូយ៉ក ត្រៀមផលិតចេញជារូបតុក្កតា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២។

ក្រុមហ៊ុន FCTRY បានបើកយុទ្ធនាការផ្តួចផ្តើមមួយ ដើម្បីប្រមែប្រមូលថវិកាសម្រាប់ការផលិតរូបតុក្កតា លោក ហ្សេលេនស្គី កាលពីជិត២សប្តាហ៍មុន និងសម្រេចបានថវិកាគោលដៅគឺ ៣០,០០០ដុល្លារ តែក្នុងរយៈពេលត្រឹម៣ម៉ោងប៉ុណ្ណោះ ហើយតាំងពេលនោះមក ថវិការៃអង្គាសបានកើនដល់ជាង ១២០,០០០ដុល្លារ។

បើតាមការអះអាងរបស់ក្រុមហ៊ុន FCTRY សម្រាប់រាល់តុក្កតានីមួយៗដែលលក់ដាច់ ប្រាក់១ដុល្លារ នឹងត្រូវបរិច្ចាគទៅអ៊ុយក្រែន។ រូបតុក្កតាលោក ហ្សេលេនស្គី នោះ មានកម្ពស់១៥សង់ទីម៉ែត្រ និងត្រូវបានសូនដោយវិចិត្រករអាមេរិកម្នាក់ ឈ្មោះ ម៉ៃ លាវីត (Mike Leavitt)។ វានឹងត្រូវផលិតទ្រង់ទ្រាយធំ ក្នុងទម្រង់ជាផ្លាស្ទិក នៅឯប្រទេសចិន ហើយត្រូវគេរំពឹងថា នឹងអាចចែកចាយទៅកាន់ទីផ្សារ នៅខែមីនា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី ដែលបច្ចុប្បន្នមានវ័យ៤៤ឆ្នាំ និងជាអតីតតារាកំប្លែង បានឡើងកាន់អំណាចកាលពី៣ឆ្នាំមុន ជាមួយការសន្យាថានឹងបិទបញ្ចប់ការប្រយុទ្ធគ្នា ជាមួយក្រុមផ្តាច់ខ្លួនដែលគាំទ្រដោយរុស្ស៉ី នៅភាគខាងកើតអ៊ុយក្រែន។ រូបលោក បានទទួលការស្ញប់ស្ញែងជាខ្លាំងពីអន្តរជាតិ សម្រាប់ភាពអង់អាចរបស់លោក ក្នុងការការពារប្រទេស ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី៕ ផ្តល់សិទ្ធិដោយ៖ freshnews