ព័ត៌មានអន្តរជាតិ August 11, 2022

​ថៃ ​អាច​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ខណៈត្រឹម ៦ដំបូង ការនាំចេញអង្ករកើនឡើងជាង ៥៦%

Khmerpress

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេស​ថៃ​អាច​នឹង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ទី​ពីរ​របស់​ពិភពលោក​នៅ​ឆ្នាំ​នេះ ខណៈការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៥៦.៦% ដល់ចំនួន ៣.៥ លានតោន ផ្ដល់ប្រាក់ចំណូលប្រហែល ១.៧ ពាន់លានដុល្លារ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sree-on មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កសិករថៃ ហើយការកើនឡើងនៃការនាំចេញនេះនឹងជួយជំរុញតម្លៃស្រូវក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោក​បាន​កត់​សម្គាល់​ថា បើឆ្នាំនេះ ថៃអាចនាំចេញអង្ករបាន ៧លានតោន នោះប្រទេស​ថៃ​គួរ​តែ​អាច​យក​ឈ្នះ​វៀតណាម និង​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​ទីពីរ​របស់​ពិភពលោក។

លើសពីនេះទៅទៀត លោក Chalermchai រំពឹងថា ការនាំចេញអង្កររបស់អូស្ត្រាលី មីយ៉ាន់ម៉ា កម្ពុជា អឺរ៉ុប ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និងថៃ នឹងកើនឡើង ហើយការនាំចេញអង្ករពីប្រទេសកូឡុំប៊ី អេក្វាឌ័រ ឥណ្ឌា អ៊ីរ៉ាក់ ម៉ាដាហ្គាស្ការ ហ្វីលីពីន ស្រីលង្កា សហរដ្ឋអាមេរិក និងវៀតណាមនឹងធ្លាក់ចុះ។ គួរបញ្ជាក់ផងដែរថា យោងតាមស្ថិតិរបស់សមាគមអ្នកនាំចេញអង្ករថៃ និងនាយកដ្ឋានគយ (TREA) ប្រទេសថៃបាននាំចេញអង្ករចំនួន ៧៦៤,១៣១ តោនដែលមានតម្លៃ ១៣,១២ពាន់លានបាតក្នុងខែមិថុនា កើនឡើង ៦៩,៤% បើធៀបទៅនឹងការនាំចេញក្នុងខែឧសភា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត