Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ឥណ្ឌាទទូចឲ្យ រុស្ស៉ីនិងអ៊ុយក្រែន រក្សាភាពអត់ធ្មត់ដើម្បីធានាសុវត្ថិភាព រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye

BY Khmerpress August 12, 2022
ឥណ្ឌាទទូចឲ្យ រុស្ស៉ីនិងអ៊ុយក្រែន រក្សាភាពអត់ធ្មត់ដើម្បីធានាសុវត្ថិភាព រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye

(ញូដេលី)៖ ទីក្រុងញូដេលី បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាព បាញ់ផ្លោងទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporozhye) ហើយបានអំពាវដល់ទីក្រុងមូស្គូ និងទីក្រុងកៀវអនុវត្តការអត់ធ្មត់ ដើម្បីសន្តិសុខសុវត្ថិភាព នៅឯទីតាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។

តំណាងអចិន្រ្តៃយ៍របស់ឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ លោកស្រី រូឈីរ៉ា កាំបូច (Ruchira Kamboj) បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងអំពាវនាវឲ្យមានការអត់ធ្មត់ទៅវិញទៅមក ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាព និងសន្តិសុខនៅទីតាំងរោងចក្រខាងលើនេះ»។

លោកស្រី Kamboj ក៏បានរំលឹកឡើងវិញផងដែរ អំពីគោលជំហររបស់រដ្ឋាភិបាលឥណ្ឌា ចំពោះវិបត្តិនៅអ៊ុយក្រែន ចាប់តាំងពីជម្លោះផ្ទុះឡើងថា ឥណ្ឌាបានអំពាវនាវជាបន្តបន្ទាប់ ឲ្យបញ្ឈប់ជាបន្ទាន់នូវភាពតានតឹង និងការបញ្ចប់អំពើហិង្សា ដោយការត្រឡប់ទៅមករកផ្លូវការទូត និងការសន្ទនា ដើម្បីបញ្ចប់ជម្លោះ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែររ៉េស បានអំពាវនាវឲ្យបង្កើត «តំបន់គ្មានយោធា» ស្របពេលដែលរុស្ស៉ី និងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបាញ់ផ្លោងនៅតំបន់ជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប គឺរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: