ឥណ្ឌូនេស៊ី ផលិត និងនាំចេញយន្តហោះពហុមុខងារ ទៅកាន់ប្រទេសថៃ
- BY
- Khmerpress
- August 15, 2022
ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយកំពុងឡើងកូតស្រើតៗក្នុងពេលបច្ចុប្បន្ននេះ បាននាំចេញយន្តហោះទៅកាន់ប្រទេសថៃ។ ក្រុមហ៊ុន PT Dirgantara Indonesia (PTDI) ដែលជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី បានដឹកជញ្ជូនយន្តហោះ NC212i មួយគ្រឿង ដល់នាយកដ្ឋានអាកាសចរណ៍ទឹកភ្លៀង និងកសិកម្មថៃ (DRRAA)។
លោក Wildan Arief នាយកផ្នែកហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ និងធនធានមនុស្សរបស់ PTDI បាននិយាយថា យន្តហោះដែលមានលេខកន្ទុយ AX-2129 បានហោះចេញពីអាកាសយានដ្ឋាន Husein Sastranegara ក្នុងខេត្ត West Java ទៅកាន់មូលដ្ឋានអាកាស Nakhon Sawan ក្នុងប្រទេសថៃ។ យោងតាម Arief យន្តហោះ NC212i គឺជាយន្តហោះពហុមុខងារដែលអាចប្រើបានសម្រាប់ការដឹកជញ្ជូនអ្នកដំណើរ ដឹកទំនិញ ការផលិតទឹកភ្លៀង ការដឹកជញ្ជូនទាហាន/ឆ័ត្រយោង និងប្រតិបត្តិការជម្លៀសវេជ្ជសាស្រ្ត។
លោកបានកត់សម្គាល់ថា លក្ខណៈបច្ចេកទេសនៃ NC212i នេះ គឺល្អសម្រាប់លក្ខខណ្ឌភូមិសាស្រ្តរបស់ប្រទេសថៃ។ មិនតែប៉ុណ្ណោះយន្តហោះប្រភេទមួយទៀត ដែលសាកសមនឹងភូមិសាស្ត្ររបស់ប្រទេសថៃ គឺ N219 ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាយន្តហោះបន្ទាប់ដែលប្រទេសថៃទិញ បន្ទាប់ពីយន្តហោះ NC212i មួយគ្រឿងទៀត ដែលនឹងត្រូវបញ្ជូនទៅប្រទេសថៃនៅចុងខែធ្នូ នេះ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ PTDI ដែលជាក្រុមហ៊ុនផលិតយន្តហោះរបស់ឥណ្ឌូនេស៊ី បានបញ្ជូនយន្តហោះ និងឧទ្ធម្ភាគចក្រចំនួន ៥៦៦គ្រឿងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
- Share This Post: