ប៉ូលិសថៃរកឃើញឱសថបុរាណជាច្រើនមានដាក់សារធាតុគីមីលើសកម្រិត ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងព្រមានអ្នកប្រើប្រាស់ ជាពិសេសមនុស្សចាស់ ដែលចូលចិត្តទិញមកញ៉ាំដើម្បីបំបាត់ការឈឺចាប់
ថៃ៖ យោងតាមប្រភពព័ត៌មានថៃបានអោយដឹងថា ផលិតផលឱសថបុរាណរុក្ខជាតិទឹកច្រកដបជាច្រើនយីហោដែលមានផ្ទុកសារធាតុគីមី ដែលសមត្ថកិច្ចបង្ក្រាបបទល្មើស រឹបអូសបាន ក្រោយការស៊ើបអង្កេតជាមួយសមត្ថកិច្ច រដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានរកឃើញថា ឱសថបុរាណទាំងនោះមិនមានស្តង់ដារ ថែមទាំងមានសារធាតុ steroid ដែលជាថ្នាំស្ថិតក្រោមការគ្រប់គ្រងពិសេស ព្រោះប្រសិនបើទទួលទានច្រើនពេក នឹងប៉ះពាល់ដល់សុខភាព។
ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកដីកាឆែកឆេរ ទៅទីតាំងផលិត និងស្តុកចំណីអាហារ ឱសថបុរាណ នៅខេត្តខុនកែន និងខេត្តរ៉ាយ៉ង សរុបចំនួន៦កន្លែង ហើយរកឃើញឱសថបុរាណ និងថ្នាំគ្រាប់ជាច្រើនទៀត លើសពីនេះសមត្ថកិច្ចក៏អាចឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ហើយមន្ត្រីជំនាញក៏បានបញ្ជូនឱសថបុរាណទាំងនោះទៅពិនិត្យរកសារធាតុគីមីនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ហើយក៏បានរកឃើញអាស៊ីត benzoic ឬសារធាតុរក្សាទុកបានយូរ នៅបរិមាណដែលលើសការកំណត់។
បន្ទាប់មកប៉ូលិសក៏បានស៊ើបអង្កេតរកឃើញអ្នកលក់សារធាតុស្តេរ៉ូអ៊ីតទៅអោយអ្នកផលិតឱសថបុរាណដែលនៅក្នុងសហគមន៍ និងតំបន់ក្បែរនោះ ដោយបានអះអាងថា ទិញថ្នាំស្តេរ៉ូអ៊ីត (Steroids) ក្នុងហាងមួយក្នុងស្រុក Muang ខេត្ត Khon Kaen។ ចំណែក ឱសថការីលោក Wirachai Nalawachai អគ្គលេខាធិការរងនៃរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បាននិយាយថា ខ្លួនបានព្រមានដល់អ្នកប្រើប្រាស់ ជាពិសេសមនុស្សចាស់ ដែលជារឿយៗមិនចូលចិត្តព្យាបាលការឈឺចាប់នៅមន្ទីរពេទ្យ ហើយចូលចិត្តទិញឱសថបុរាណទាំងនោះមកប្រើប្រាស់ ហើយប្រសិនបើវាមានសារធាតុ steroids ដែលអាចបំបាត់ការរលាក កាត់បន្ថយការឈឺចាប់ ប៉ុន្តែប្រសិនបើញ៉ាំយូរ ជាលទ្ធផលនៃជំងឺពុកឆ្អឹង តុល្យភាពទឹកក្នុងរាងកាយបានផ្លាស់ប្តូរ រហូតដល់បន្ទុកនៃភាពធាត់ បើប្រើយូរអាចបណ្តាលឲ្យស្លាប់បាន៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត





