ថៃរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox មួយករណីទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៥នាក់
ថៃ៖ ប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox មួយករណីបន្ថែមទៀតហើយ ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox សរុបនៅក្នុងប្រទេសថៃបានកើតដល់ ៥នាក់ បើគិតត្រឹមព្រឹកថ្ងៃអង្គា ទី១៦ ខែសីហានេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា អ្នកជំងឺអ៊ុតស្វា Monkeypox ដែលជាករណីទី ៥របស់អាជ្ញាធរថៃនោះគឺជាស្រ្តីជនជាតិថៃ វ័យ ២៥ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមវិញ។
បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានឲ្យដឹងថា ស្រ្តីជាអ្នកជំងឺរូបនេះបានធ្វើដំណើរមកដល់ទឹកដីថៃតាមរយៈជើងហោះហើរដែលបានចុះចតនៅក្នុងប្រលានយន្តសុវណ្ណភូមិកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា និងបានតេស្តិ៍វិជ្ជាមានជំងឺ Monkeypox កាលពីថ្ងៃចន្ទ ទី១៥ ខែសីហាម្សិលមិញនេះ។ លោកវេជ្ជបណ្ឌិតរូបនេះបានបន្ត គេបានសម្រេចធ្វើតេស្តិ៍ស្រ្តីរូបនេះភ្លាមៗក្រោយពេលគាត់បានមកទល់ប្រទេសថៃ ដ្បិតនៅពេលគាត់បានដើរចេញពីយន្តហោះមកនោះគេបានពិនិត្យឃើញគាត់មានពងបែកនៅខ្លួនរួចទៅហើយ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ៣០,០០០នាក់ហើយនៅជុំវិញពិភពលោក និងមានមនុស្សចំនួន ៦នាក់បានស្លាប់ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

