Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន

BY Khmerpress August 22, 2022
ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន

យោងតាមចុះផ្សាយរបស់សារព័ត៌មាន The Nation ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន។ របាយការណ៍ចុងក្រោយបង្អស់របស់ Global Times បង្ហាញថា ប្រទេសថៃ គឺជាទិសដៅពេញនិយមបំផុតទី៤ ក្នុងចំណោមអ្នកធ្វើដំណើរចិន។

ផ្អែកលើទិន្នន័យដែលប្រមូលបានពី Variflight របាយការណ៍ Global Times បាននិយាយថា ជើងហោះហើរអ្នកដំណើរអន្តរជាតិទៅក្រៅប្រទេសពីប្រទេសចិនទំនងជានឹងកើនឡើងជាង ២០០%ពីមួយខែទៅមួយខែនៅក្នុងខែសីហា ដោយសារប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។ ក្នុងនោះជើងហោះហើរសរុបចំនួន ២,៨៤៥ គ្រោងនឹងហោះហើរចេញពីប្រទេសចិនក្នុងខែនេះ ដែលកើនឡើងពីចំនួន ៩០៤នៅក្នុងខែកក្កដា ហើយនឹងឆ្ពោះទៅគោលដៅកំពូលទាំងប្រាំ គឺកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ថៃ និងបារាំង។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា រដ្ឋាភិបាលប៉ាន់ប្រមាណថានៅក្នុងឆមាសទីពីរនៃឆ្នាំនេះ ប្រទេសថៃនឹងមានការកើនឡើងនៃការមកដល់របស់ជនបរទេស ដោយសារស្ថានភាព កូវីដ-១៩ ប្រសើរឡើង និងការដកការរឹតបន្តឹងការធ្វើដំណើរដោយប្រទេសមួយចំនួន រួមទាំងប្រទេសចិនផងដែរ។

មិនតែប៉ុណ្ណោះលោកបានបន្តថា វាជាសញ្ញាល្អដែលភ្ញៀវទេសចរចិននៅតែចង់ទៅលេងប្រទេសថៃដូចដែលពួកគេបានធ្វើមុនមានពេលជំងឺរាតត្បាត។ គួរបញ្ជាក់ផងដែរថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរចិនមានចំនួន ១ ភាគ ៤ នៃចំនួនភ្ញៀវបរទេសសរុប ឬជិត ១១ លាននាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: