Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

វៀតណាមនឹងមានសិទ្ធិលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗ បន្ទាប់ពី Apple បានលើកប្រទេសនេះក្នុងទីផ្សារអាទិភាពរបស់ខ្លួន

BY Khmerpress August 23, 2022
វៀតណាមនឹងមានសិទ្ធិលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗ បន្ទាប់ពី Apple បានលើកប្រទេសនេះក្នុងទីផ្សារអាទិភាពរបស់ខ្លួន

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមនឹងមានសិទ្ធិក្នុងការលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗពីក្រុមហ៊ុន ចាប់តាំងពី Apple បានលើកប្រទេសវៀតណាមក្នុងទីផ្សារអាទិភាពរបស់ខ្លួន។ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាញលក់រាយមួយបានប្រាប់ VnExpress ថា “iPhone 14 នឹងត្រូវបានលក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានដាក់លក់នៅក្នុងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង និងប្រទេសជប៉ុន”។

ប្រភពដដែលបានបន្ថែមថា Apple បានផ្លាស់ប្តូរប្រទេសវៀតណាមពីកម្រិតអាទិភាពទី៤ មកទី៣ វិញ ហើយអាចធ្វើឱ្យប្រទេសនេះក្លាយជាទី២ ឬទី១ ក្នុងរយៈពេលពីរ ឬបីឆ្នាំទៀត។ រម្លឹកផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនាពេលថ្មីៗនេះថា ប្រទេសវៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ២០២២។

ជាមួយគ្នានេះកាល​ពី​ឆ្នាំ​មុន iPhone 13 ត្រូវ​បាន​លក់​ក្នុង​ប្រទេស​វៀតណាម ក្នុងរយៈពេលបួន​សប្តាហ៍​បន្ទាប់​ពី​ទីផ្សារ​ធំៗចេញលក់រួច។ ប៉ុន្តែម៉ូឌែល iPhone 14 ដែលគ្រោង​នឹង​ចេញ​លក់​ចាប់​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា នៅ​តាម​ទីផ្សារ​ធំៗ នាពេលខាងមុខនេះ នឹងមានលក់នៅប្រទេសវៀតណាមក្នុងរយៈពេលលឿនជាងម៉ូឌែលមុនៗ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: