ព័ត៌មានអន្តរជាតិ August 24, 2022

ប្រធាននាយកដ្ឋានឧតុនិយមរបស់ប្រទេសហុងគ្រី ត្រូវបានបណ្តេញចេញពីតំណែង ដោយសារធ្វើការព្យាករណ៍អាកាសធាតុខុស ដែលនាំអោយប៉ះពាល់ដល់កម្មវិធីបាញ់កាំជ្រួចដ៏ធំមួយ

Khmerpress

ទីភ្នាក់ងារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២៣ ខែសីហា ថា រដ្ឋាភិបាលហុងគ្រី រងការរិះគន់ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាហុងគ្រី លោក Lazlo Palkovic បានបញ្ជាឱ្យបណ្តេញប្រធាននាយកដ្ឋានឧតុនិយម លោកស្រី Cornelia Radiks  និងលោក Yula Horvath នាយករង ចេញពីតំណែង។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអនឡាញ Orico បានរិះគន់នាយកដ្ឋានឧតុនិយមចំពោះកំហុសក្នុងការព្យាករណ៍ថា ព្យុះផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំងនឹងកើតមាន ដែលបានបង្ខំឱ្យលុបចោលកម្មវិធីបាញ់កាំជ្រួចដ៏ធំបំផុតរបស់អឺរ៉ុប ដើម្បីអបអរសាទរការបង្កើតប្រទេសហុងគ្រីនៅថ្ងៃទី ២០ ខែសីហា។ ខណៈដែរ នាយកដ្ឋានឧតុនិយមបានសុំទោស និងបាននិយាយថា ការព្យាករណ៍អាកាសធាតុគឺជាការព្យាករណ៍ ដែលអាចមានភាពមិនច្បាស់លាស់នៅពេលណាក៏បាន។

ចំណែក ពិភព​អនឡាញ​ក្នុង​ប្រទេស​ហុងគ្រី​បាន​ចោទ​សួរ​ពី​មូល​ហេតុ​នៃ​ការ​បណ្តេញ​លោកស្រី Cornelia Radiks  និងលោក Yula Horvath ដោយមនុស្សជាច្រើនបាននិយាយថា នេះមិនមែនជាប្រទេសផ្តាច់ការទេ គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​លុប​ចោល​ការ​បាញ់​កាំជ្រួច និង​ថ្កោលទោស​ថា​ ជា​ការ​ខ្ជះខ្ជាយ​ថវិកាទៅវិញទេ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត