ព័ត៌មានអន្តរជាតិ August 24, 2022

កាសែត bangkok post ចុះផ្សាយថា រដ្ឋាភិបាលថៃ អនុម័តកម្ចី ២៧លានដុល្លារសម្រាប់កម្ពុជា ដើម្បីសាងសង់ផ្លូវជាតិមួយ តភ្ជាប់ពីសៀមរាបទៅថៃ

Khmerpress

អ្នកនាំពាក្យរងរដ្ឋាភិបាលថៃលោកស្រី Traisuree Taisaranakul បាននិយាយថា គណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ ទី២៣ ខែសីហា ម្សិលមិញនេះ បានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧.១ លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មីមួយ។

បើតាមអ្នកនាំពាក្យរូបនេះ ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗ ខណៈដំណាក់កាលទី១ សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ៤៩១.៥០ លានបាត (ប្រមាណ ១៣.៥លានដុល្លារ) ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខណៈដែលនៅសល់នឹងបានមកពីប្រភពមូលនិធិពីបរទេស។

គួរបញ្ជាក់ថា ប្រាក់កម្ចីដែលរដ្ឋាភិបាលថៃ អនុម័តឱ្យកម្ពុជាខ្ចីនេះ គឺសម្រាប់​សាងសង់​ផ្លូវ​ជាតិ​លេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល​ត​ភ្ជាប់​ពី​សៀមរាប​ទៅ​ថៃ​ តាម​ខេត្ត​ស៊ីសាកេត។ ជាមួយគ្នានេះដែរ លោកស្រី Traisuree បានបញ្ជាក់ថា លក្ខខណ្ឌ​មួយ​ចំនួន​នឹង​ត្រូវ​ដាក់​សម្រាប់ការសាងសង់ផ្លូវនេះ ក្នុងនោះគឺកម្ពុជា​ នឹង​តម្រូវឱ្យទិញ​សម្ភារ​សំណង់​យ៉ាងតិច​ ៥០%​សម្រាប់​គម្រោង​ពី​ប្រទេស​ថៃ ហើយ​ជួល​អ្នក​ម៉ៅការ​ថៃផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត