សំណង់អគារ ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេសកម្ពុជាមានចំនួន២៤៧២អគារ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់អគារចាប់ពី ៥ជាន់ឡើងទៅ នៅទូទាំងប្រទេសមានចំនួន ២៤៧២អគារ ខណៈចាប់ពីពាក់កណ្តាលពីឆ្នាំ២០២០ ដល់ពាក់កណ្តាលឆ្នាំ២០២២ ទទួលបានការវិនិយោគទុន មានទឹកប្រាក់ជាង ៦៦ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និងអគ្គនាយកខុទ្ទកាល័យ ក្រសួងរៀប ចំដែនដីនគរូបណីយកម្ម និងសំណង់ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែសីហា នៅទីស្តីការគណៈរដ្ឋមន្ត្រីថា រយៈពេល៥ឆ្នាំចុងក្រោយ នេះការវិនិយោគ ក្នុងវិស័យសំណង់មាន១៩.៣២២គម្រោង មានក្រឡាផ្ទៃសរុប៧១ ៤៥៩ ២៣៣ម៉ែត្រការ៉េ ទុនវិនិយោគចំនួន ៣១៤ ៦០៤លានដុល្លារអាម៉េរិក។
ឯកឧត្តមថា គិតចាប់ផ្តើមពីឆ្នាំ២០២០ ដល់ពាក់កណ្តាលឆ្នាំ២០២២នេះ ក្រសួងរៀបចំ ដែនដីនគរូបណីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតឱ្យសាងសង់សំណង់នៅទូទាំង ប្រទេសមានចំនួន៥៧.៥៩០គម្រោង មានផ្ទៃក្រឡាសំណង់ សរុប១ ៦៥៦ ៦២៣ ៨៩០ម៉ែត្រ ការ៉េ និងទុនវិនិយោគសរុប ៦៦ ២០៥លានដុល្លារ។
ពាក់ព័ន្ធនឹងការសាងសង់អគារវិញ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា «គម្រោងអគារខ្ពស់ចាប់ពី៥ជាន់ឡើងទៅ នៅទូទាំងប្រទេសមានចំនួន២៤៧២អគារ គម្រោង បុរីលំនៅឋាន និងលំនៅឋានមានលក្ខខណៈជាបុរីមាន៤៨២គម្រោង ផ្តល់វិញ្ញាប័ណ្ណបត្រដល់ ក្រុមហ៊ុន ប្រកបអាជីវកម្មក្នុងវិស័យសំណង់មានចំនួន ៣ ២៤៤ក្រុមហ៊ុន ផ្តល់វិញ្ញាប័ណ្ណបត្រ ប្រកបវិជ្ជាជីវៈ សិក្សាគម្រោងប្លង់ ដល់អ្នកមានវិជ្ជាជីវៈចំនួន៥៤២រូប ក្នុងនោះស្ថាបត្យករ ២៧០រូប បរទេស៥រូប វិស្វករ២៧២រូប បរទេស៦រូប និងផ្តល់អាជ្ញាប័ណ្ណត្រួតពិនិត្យ និងបញ្ជា ក់ សំណង់ចំនួន៣ក្រុមហ៊ុន»។
ឯកឧត្តមក៏បានឱ្យដឹងថា ស្ថាបត្យករដែលបានចុះបញ្ជីនៅគណៈស្ថាបត្យករកម្ពុជាមានចំនួន ១ ៤៥១រូប ក្រៅពីនេះក៏បានពង្រឹងសំណង់តាមប្រព័ន្ធអេឡិចត្រូនិក និងបណ្តុះបណ្តាលជំនាញដល់មន្ត្រីរាជធានីខេត្តផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន


