សិល្បៈ August 25, 2022

តារាសម្ដែងជើងចាស់លោក រិទ្ធ សារី ទទួលមរណភាព ក្នុងវ័យជាង៨០ឆ្នាំ ដោយជរាពាធ

Khmerpress

(ភ្នំពេញ)៖ តារាសម្ដែងជើងចាស់ល្បីឈ្មោះក្នុងទស្សវត្ស ៨០ និង៩០លោក រិទ្ធ សារី បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ នៅឯគេហដ្ឋានរបស់លោក ក្នុងខេត្តបាត់ដំបង។

ប្រភពពីគណនីហ្វេសប៊ុក របស់អតីតតារាសម្ដែងល្បីឈ្មោះលោក ស៊ុក សុភា បានបញ្ជាក់នៅមុននេះបន្តិចថា «តារាភាពយន្ដជើងចាស់ ដ៏ល្បីនៃព្រះរាជាណាចក្រកម្ពុជា គឺលោកពុក រិទ្ធ សារី សព្វថ្ងៃមានអាយុជាង ៨០ឆ្នាំ ហើយលោកពុកកំពុងមានជំងឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង ហើយនៅពេលនេះ ពេទ្យអស់លទ្ធភាព ក្នុងការព្យាបាលជំងឺលោកពុកហើយ ហើយកូនចៅបានសុំយកមកសម្រាកនៅផ្ទះវិញ។ តែនៅពេលនេះ ម៉ោងនេះ លោកពុកបានលារហូត RIP»។

ដោយឡែកលោកឧកញ៉ា ហេង ឡុង ប្រធានសមាគម «មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» បានបញ្ជាក់ប្រាប់ Fresh News Plus ឲ្យដឹងនៅយប់នេះថា លោកមិនទាន់អាចបញ្ជាក់ប្រាប់ពីដំណឹង នៃមរណភាពអតីតតារាសម្ដែងលោកតា រិទ្ធ សារី នៅពេលនេះបានទេ រង់ចាំព្រឹកស្អែកទើបលោកអាចប្រាប់ពីព័ត៌មានផ្លូវការបាន។ លោកឧកញ៉ានិយាយថា «ចាំស្អែកចាំខ្ញុំយកព័ត៌មានពិត»។

យ៉ាងណាមិញ ជាមួយនឹងដំណឹងមរណភាព របស់អតីតតារាសម្ដែងលោកតា រិទ្ធ សារី, គេសង្កេតឃើញមានអ្នកសិល្បៈជាច្រើន បានចែករំលែកដំណឹងនេះជាបន្តបន្ទាប់ ក្នុងនោះតារាសម្ដែង និងជាពិធីករលោក អ៊ឹម ជីវ៉ា ក៏បានបង្ហាញពីដំណឹងមរណភាពនេះ ជាសាធារណៈផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews