ព័ត៌មានអន្តរជាតិ August 26, 2022

តៃវ៉ាន់ បញ្ជូនមីកញ្ចប់របស់វៀតណាមជាង ១តោនមកវិញ ដោយសាររកឃើញមានផ្ទុកសារធាតុបង្កមហារីកកម្រិតខ្ពស់

Khmerpress

តៃវ៉ាន់បានបញ្ជូនមីកញ្ចប់របស់វៀតណាមម៉ាកថា Omachi ​ចំនួន ១.៤៤ តោន​មក​វិញ ដោយ​លើកឡើង​ថា ​មីទាំងនោះមានផ្ទុកនូវ​សារធាតុ​អេទីឡែនអុកស៊ីដ​កម្រិតខ្ពស់ដែលបង្កឱ្យកើតជំងឺមហារីក។ រដ្ឋបាលចំណីអាហារ និងឱសថតៃវ៉ាន់បានកំណត់ថា មីដែលនាំចូលដោយក្រុមហ៊ុនចិន Qianyu មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ០.១៩៥មីលីក្រាម ក្នុងមួយគីឡូក្រាម ដែលលើសពីស្តង់ដាររបស់តៃវ៉ាន់។

ក្រុមហ៊ុន Masan Consumer ដែលជាអ្នកផលិតមី បាននិយាយថា ខ្លួនមិនបានលក់មីទៅឱ្យក្រុមហ៊ុនចិន Qianyu ទេ ទោះបីជាខ្លួនផលិតមីសម្រាប់ទីផ្សារតៃវ៉ាន់ក៏ដោយ។ ប្រទេស និងទឹកដីនីមួយៗមានស្តង់ដារអាហាររបស់ខ្លួន ដូច្នេះហើយ Masan Consumer ផលិតផលិតផលជាពិសេសសម្រាប់ប្រទេស និងទឹកដីនីមួយៗ។

ជាមួយគ្នានេះ Masan Consumer បញ្ជាក់ថា ​ក្រុមហ៊ុនមាន​លក្ខខណ្ឌ​តឹងរ៉ឹង​ជាមួយ​អ្នក​ចែកចាយ ដើម្បី​ការពារ​ពួកគេ​ពី​ការ​នាំ​ចេញ​ផលិតផល ​ពី​ទីផ្សារ​មួយ​ទៅ​ទីផ្សារ​មួយ​ទៀត។ ហើយមី Omachi បំពេញតាមស្តង់ដារអាហាររបស់ប្រទេសវៀតណាម និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

គួរបញ្ជាក់ផងដែរថា កាល​ពី​ខែ​សីហា ឆ្នាំ​មុន ផលិតផល​មីកញ្ចប់​ជា​ច្រើន​មុខ​របស់​អាជីវកម្ម​វៀតណាម ក៏​ត្រូវ​បាន​សហភាព​អឺរ៉ុប​ បញ្ជូនមកវិញដែរ ដោយសារកម្រិតខ្ពស់នៃអេទីឡែនអុកស៊ីដ។ ហើយនៅខែកក្កដាឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់វៀតណាមនាំចូលមួយចំនួន ដែលមានកម្រិតអេទីឡែនអុកស៊ីដកើនឡើងដូចគ្នា៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

ប្រភព៖ vnexpress