តារាកំប្លែងជើងចាស់ នាយកុយ ចេញវិដេអូសុំទោសជាសាធារណៈ ក្រោយសម្ដែងក្នុង MV មួយ ប៉ះពាល់ដល់អារម្មណ៍បងប្អូនសាសនិកអ៉ីស្លាម (មានវីដេអូ)
តារាកំប្លែងជើងចាស់ល្បីឈ្មោះបោះសម្លេង គឺលោក ជួង ជី ហៅនាយ កុយ បានធ្វើការឡាយសុំទោសជាសាធារណៈ ដោយស្មោះអស់ពីចិត្ត និងប្រកបដោយការទទួលខុសត្រូវ ក្រោយបានពីបានសម្ដែងនៅក្នុងបទចម្រៀងរបស់ផលិតកម្មមួយ ធ្វើឱ្យបងប្អូនកាន់សាសនាអ៊ីស្លាមមិនពេញចិត្ត។
នៅក្នុងវិដេអូឡាយជាង ១០នាទី តារាកំប្លែងល្បីឈ្មោះរូបនេះ បានសុំទោសចំពោះការសម្ដែងដែលខ្លួន និងលោក អ៊ូ ប៊ុណ្ណារ៉ាត់ (ហៅក្រឹម) បានស្លៀកពាក់បែបអ៉ីស្លាម ហើយរាំ និងសម្ដែងបែបឌីជេ ដែលអ្នកដឹកនាំតម្រូវឱ្យធ្វើ នាំឱ្យប៉ះពាល់ដល់អារម្មណ៍បងប្អូនខ្មែរកាន់សាសនាអ៉ីស្លាម។
លោកពូ កុយ ក៏បានបញ្ជាក់ថា ខ្លួនគាត់មិនមានចេតនាមើលងាយ ឬប៉ះពាល់ណាមួយដល់បងប្អូនខ្មែរកាន់សាសនាអ៉ីស្លាមនោះឡើយ ប៉ុន្តែក្នុងនាមជាអ្នកសម្ដែង គឺលោកស្លៀកពាក់ និងសម្ដែងអ្វីនោះ គឺលោកធ្វើតាមតែអ្នកដឹកនាំប៉ុណ្ណោះ ហើយលោកពិតជាសុំទោសដោយស្មោះអស់ពីចិត្ត និងសោកស្ដាយជាពន់ពេក។ ជាមួយគ្នានេះដែរ លោក កុយ ក៏បានបន្ថែមថា ខាងផលិតកម្មបានកាត់ប្លង់ និងកែសម្រួលថ្មីរួចហើយ ហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមិនមានការសម្ដែងបែបនេះជាលើកទីពីរទៀតនោះឡើយ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត



