Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គ្រោងនឹងមានអ្នកចូលរួម ៦,០០០ នាក់ នៅឯកីឡដ្ឋាន Nippon Budokan ទីក្រុងតូក្យូ

BY Khmerpress August 31, 2022
ពិធីបុណ្យមរណទុក្ខថ្នាក់រដ្ឋរបស់លោក អាបេ ស៊ីនហ្សូ គ្រោងនឹងមានអ្នកចូលរួម ៦,០០០ នាក់ នៅឯកីឡដ្ឋាន Nippon Budokan ទីក្រុងតូក្យូ

ស្ថានីយទូរទស្សន៍ NHK បានទទួលសេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលនឹងប្រារព្ធឡើងនៅឯកីឡដ្ឋាន Nippon Budokan ក្នុងទីក្រុងតូក្យូ នៅថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ, ចាប់ពីម៉ោង ២ រសៀលតទៅ។ ភ្ញៀវប្រហែល ៦,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាក់កាល ដែលនឹងចាប់ផ្ដើមនៅដើមខែកញ្ញានេះផ្ទាល់។ ភ្ញៀវ​ទាំង​នោះ​រួម​បញ្ចូល​ទាំង​ប្រធាន​សភា​ និង​ថ្នាក់​ដឹកនាំ​របស់ជប៉ុន ប្រធាន​តុលាការ​កំពូល សមាជិកព្រឹទ្ធសភា Diet និង​តំណាង​រដ្ឋាភិបាល​ក្នុង​តំបន់។

ឥស្សរជនបរទេសជាច្រើនផ្សេងទៀតក៏នឹងត្រូវបានអញ្ជើញ រួមជាមួយនឹងអ្នកដឹកនាំអាជីវកម្ម និងវិស័យផ្សេងៗទៀតផងដែរ។ ជាមួយគ្នានេះដែរ សាធារណជននឹងត្រូវបានអញ្ជើញឱ្យដាក់ផ្កានៅអាសនៈមួយ នៅខាងក្រៅកីឡដ្ឋាន Nippon Budokan ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៤ រសៀល នៅកំឡុងពេលពិធីបុណ្យមរណៈទុក្ខនេះ។ រដ្ឋាភិបាល​​នឹងធ្វើសេចក្ដីសម្រេចជា​ផ្លូវការ​ បន្ទាប់​ពី​ការ​ពិភាក្សា​នៅ​លេខាធិការដ្ឋាន ​ដោយ​មានការចូលរួមពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ។

រំលឹកឡើងវិញដែរថា អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​កំពុង​ថ្លែង​សុន្ទរកថា​ ក្នុងយុទ្ធនាការ​សម្រាប់​បេក្ខភាពបោះឆ្នោត​សភា​ជាន់​ខ្ពស់ ​របស់​គណបក្ស​របស់លោក ​នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន​ក្នុង​ខែ​កក្កដា។ ពិធី​បុណ្យ​សព​ថ្នាក់រដ្ឋរបស់លោក អាបេ ​នឹង​ក្លាយ​ជា​ពិធី​បុណ្យ​លើក​ទី​២ ​សម្រាប់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្រោយ​សង្គ្រាម។ ដោយលើទី១ គឺសម្រាប់លោក Yoshida Shigeru ដែលបានស្លាប់នៅឆ្នាំ១៩៦៧៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: