Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ស្រុកមួយនៅខេត្តភូកេតកំពុងលិចលង់យ៉ាងដំណំ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំកាលពីព្រឹកមិញនេះ

BY Khmerpress September 2, 2022
ស្រុកមួយនៅខេត្តភូកេតកំពុងលិចលង់យ៉ាងដំណំ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំកាលពីព្រឹកមិញនេះ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសុក្រ ទី០២ ខែកញ្ញា បានរាយការណ៍ថា ស្រុក Thalang របស់ខេត្តភូកេត កំពុងរងការលិចលង់យ៉ាងដំណំ ហើយរូបភាពជាច្រើន បានបង្ហាញពីទីតាំងលិចលង់ រួមទាំងទីលានវាយកូនហ្គោល ស្ថានីយ៍ចាក់បំពេញ សាលារៀន និងខុនដូ នៅជិតព្រលានយន្តហោះភូកេត ខណៈរថយន្ត​ជាង ​៤០​គ្រឿង និង​ម៉ូតូ​ ២០ ​គ្រឿង​ បាន​រង​ការ​ខូចខាត​ដោយសារ​ទឹកជំនន់នេះ។ លោកមេភូមិ Worawit Sisakukram បានឱ្យដឹងថា គាត់កំពុងចុះត្រួតពិនិត្យតំបន់រងគ្រោះទឹកជំនន់ជាមួយក្រុមមន្ត្រីស្រុក ដើម្បីវាយតម្លៃការខូចខាត និងស្វែងរកមធ្យោបាយជួយជនរងគ្រោះ។

លោក Worawit បាន​រាយការណ៍​ថា ទឹក​ជំនន់​កំពុង​ស្រក​ចុះ​យឺតៗ ហើយលោក​ក៏បាន​ស្នើ​ដល់​ការិយាល័យ​បង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ក្នុងស្រុក ជួយ​រំដោះ​ទឹក​ខុន​ដូ​ដែល​លិចលង់​នោះ​ផង​។ អភិបាលខេត្តភូកេត លោក Narong Woonciew ក៏បានចុះពិនិត្យតំបន់លិចទឹក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់ជនរងគ្រោះផងដែរ។ ជាមួយគ្នានេះ អាកាសយានដ្ឋានភូកេតបានស្នើឱ្យអ្នកដំណើរមកឱ្យបានពី ៣ ទៅ ៤ ម៉ោងមុនម៉ោងចេញដំណើររបស់ពួកគេ។ អ្នកដំណើរអាចទូរស័ព្ទមកលេខ ០៧៦ ៣៥១១១១ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីអាកាសយានដ្ឋាន និងព័ត៌មានជើងហោះហើរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

Share This Post: