Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសអាមេរិក អនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់

BY Khmerpress September 3, 2022
ក្រសួងការបរទេសអាមេរិក អនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យតៃវ៉ាន់

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានអនុម័តការលក់អាវុធមានទំហំទឹកប្រាក់ ១.១ពាន់លានដុល្លារឱ្យកោះតៃវ៉ាន់ហើយ បើទោះជាមាន ការព្រមានចាត់វិធានការឆ្លើយតបពីសំណាក់ចិនក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

មន្ទីរបញ្ចកោណ បានប្រកាសពីផែនការលក់អាវុធខាងលើឱ្យកោះតៃវ៉ាន់ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ នៅក្នុងបរិបទដែលចិននៅតែបន្តបង្កើនការធ្វើ សកម្មភាពយោធានៅជុំវិញកោះតៃវ៉ាន់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី និងការបញ្ជូន មន្ត្រីជាន់ខ្ពស់អាមេរិកមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។

បើតាមមន្ទីរបញ្ចកោណ ការលក់អាវុធឱ្យតៃវ៉ាន់នេះទៀតសោត ក្នុងនោះរួមមានមីស៊ីលសាយវីនដ័រ (Sidewinder) ដែលជាប្រភេទមីស៊ីលអាចបំពាក់ លើយន្ដហោះចម្បាំងមានតម្លៃ ៨៥.៦លានដុល្លារ មីស៊ីលប្រឆាំងនាវាចម្បាំង ហាពូន (Harpoon) ក្នុងតម្លៃ ៣៥៥លានដុល្លារ ព្រមទាំងប្រព័ន្ធរ៉ាដា មានតម្លៃ ៦៦៥.៤លានដុល្លារ។

ក៏ប៉ុន្តែ ព្រមពេលជាមួយគ្នា ទីក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យរបស់ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានសម្ដែងការខឹងសម្បារជាខ្លាំងជាមួយ ការព្រមានថាផែនការលក់អាវុធឱ្យកោះតៃវ៉ាន់ អាចនឹងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ក៏ដូចជាសន្តិភាព និងស្ថិរភាព នៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយចិនក៏នឹងចាត់វិធានការឆ្លើយតបនៅក្នុងករណីចាំបាច់ផងដែរ៕

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក កញ្ចប់អាវុធខាងលើដែលសហរដ្ឋអាមេរិកគ្រោងនឹងលក់ឱ្យតៃវ៉ាន់ កំពុងស្ថិតនៅក្រោមការពិចារណា និងពិគ្រោះយោបល់ជាមួយតៃវ៉ាន់ និងតំណាងរាស្ត្រអាមេរិក ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងស្នើសុំការអនុម័តពីសភាទាំង២របស់សហរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: