Khmerpress

ស្វែងរក

ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក បង្ខំឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ២គ្រឿងដែលត្រូវបានរឹបអូស មកវិញ

BY Khmerpress September 3, 2022
សហរដ្ឋអាមេរិក បង្ខំឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ២គ្រឿងដែលត្រូវបានរឹបអូស មកវិញ

(ឌូបៃ)៖ សហរដ្ឋអាមេរិក បានដាក់សម្ពាធបង្ខំជាលើកទី២ នៅក្នុងសប្ដាហ៍នេះឱ្យអ៉ីរ៉ង់ប្រគល់ «កូននាវាគ្មានមនុស្សបើក» ចំនួន២គ្រឿង ដែលត្រូវបានកងទ័ព ជើងទឹកអ៉ីរ៉ង់រឹបអូស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាកងទ័ពជើងរបស់ខ្លួន ពិតជាបានរឹបអូសកូននាវាគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិក នៅឯតំបន់សមុទ្រក្រហមពិតមែន។ ក៏ប៉ុន្តែ បានចោទប្រកាន់ថាកូននាវាគ្មានមនុស្សបើកទាំង២គ្រឿងនេះបានបំពានបទដ្ឋានសុវត្ថិភាពសមុទ្រ។ ទូរទស្សន៍រដ្ឋ អ៉ីរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «នាវាចម្បាំង ចាម៉ារ៉ាន់ (Jamaran) របស់កងទ័ពជើងទឹកអ៉ីរ៉ង់ បានរឹបអូសនាវាពីរគ្រឿងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចៀស ឧទ្ទវហេតុដោយប្រការណាមួយ បន្ទាប់ពីបានបញ្ជូនសារព្រមានដល់កងទ័ពជើងទឹកអាមេរិក។ នៅក្រោយធានាបានសុវត្ថិភាពផ្លូវសមុទ្រ នាវាទាំង២គ្រឿងត្រូវ បានបញ្ជូនទៅកាន់កន្លែងមានសុត្ថិភាព»។

ក៏ប៉ុន្តែ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពជើងទឹកអាមេរិក បានច្រានចោលការអះអាងរបស់អ៉ីរ៉ង់ ជាមួយការអះអាងថាកូននាវាគ្មានមនុស្សបើករបស់ខ្លួន មិនបានបង្កហានិភ័យ ឬគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រនោះទេ។ បើតាមក្រុមមន្ត្រីយោធាអាមេរិក នៅក្រោយការដាក់សម្ពាធយ៉ាងខ្លាំង ទើប អ៉ីរ៉ង់យល់ព្រមប្រគល់កូននាវាគ្មានមនុស្សបើកទាំង២គ្រឿង ទៅឱ្យកងទ័ពអាមេរិកជើងទឹកវិញ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: