ព័ត៌មានអន្តរជាតិ September 7, 2022

Elon Musk គ្រោងលក់រថយន្តអគ្គិសនីឱ្យបាន ២០លានគ្រឿងក្នុងរយៈពេលមួយឆ្នាំ

Khmerpress

(បរទេស)៖ លេចធ្លាយអាថ៌កំបាំងនៅពីក្រោយមហិច្ឆតាដ៏ធំរបស់ Elon Musk ក្នុងការលក់រថយន្តអគ្គិសនី Tesla ខណៈលោកកំពុងកំណត់គោលដៅដាក់លក់ប្រមាណ ២០លានគ្រឿងក្នុងមួយឆ្នាំ គិតត្រឹមឆ្នាំ ២០៣០។ តាមរយៈរបាយការណ៍បង្ហាញថាលោក ជឿជាក់ជាខ្លាំងទៅក្នុងសមត្ថភាពបច្ចេកវិទ្យាផលិតអាគុយថ្មីរបស់លោក។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

នៅពីក្រោយអាថ៌កំបាំងរបស់លោក Elon Musk គឺមានទាំងដំណឹងល្អ និងដំណឹងអាក្រក់ ខណៈដំណឹងល្អនោះគឺថា Tesla នឹងសម្រេចដាក់ឱ្យប្រើប្រាស់កម្លាំងអាគុយខ្លាំងជាងមុន រួមជាមួយនឹងដំណើរការថ្មីដើម្បីសម្ងួតអេឡិចត្រូនិច ហើយក្នុងនោះ Tesla ទំនងជាអាចនឹងបញ្ចុះតម្លៃសម្រាប់រថយន្តអគ្គិសនី Model Y ថែមទៀតផង។

តែយ៉ាងណាចំពោះដំណឹងអាក្រក់នោះវិញត្រូវបានអ្នកជំនាញចំនួន ១២នាក់ដែលជិតស្និទ្ធនឹងក្រុមហ៊ុន Tesla បានអះអាងថា វាមិនទាន់មានការសមេ្រចណាមួយជាផ្លូវការនោះទេ ទាក់ទិននឹងកម្លាំងអាគុយរួមជាមួយបច្ចេកវិទ្យាថ្មីៗ ហើយពួកគេក៏មិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការផលិតទ្រង់ទ្រាយធំនោះទេ។ ទាំងនេះក៏ដោយសារតែបច្ចេកទេសស្រោបស្ងួតសម្រាប់អាគុយ Tesla ទំហំ 4680 គឺមានកម្លាំងខ្លាំងដែលធ្វើឱ្យដំណើរការផលិតកម្មត្រូវការពិភាក្សាក្នុងរយៈពេលយូរ។

គួរបញ្ជាក់ដែរថា ការកែលម្អមួយចំនួនដែល Musk ធ្លាប់បានសន្យាកន្លងមករួមជាមួយតម្លៃអាគុយ និងតម្លៃរថយន្តអគ្គិសនីទាំងមូលកំពុងត្រូវបានកែតម្រូវបណ្តើរៗហើយ ដោយឡែកក្នុងនោះវិនិយោគិនបានលើកឡើងថា Tesla កំពុងតែបោះជំហានចូលយុគ្គសម័យដែលអាចលក់រថយន្តម៉ូដែលទំនើបក្នុងតម្លៃត្រឹមតែ ២៥,០០០ដុល្លារ ហើយក៏អាចនឹងឈានដល់គោលដៅផលិតកម្មរបស់ខ្លួនក្នុងឆ្នាំ២០៣០ ផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews