ព័ត៌មានអន្តរជាតិ September 8, 2022

ផុសតែវីដេអូធម្មតាៗមិននិយាយសូម្បីមួយម៉ាត់ តែ Khaby Lame រកចំណូលបាន ១០លានដុល្លារក្នុង ១ឆ្នាំ

Khmerpress

Khaby Lame ដែលជា TikToker មានអ្នកតាមដាន (Follow) ច្រើនជាងគេលើពិភពលោក រកចំណូលបាន ១០លានដុល្លារក្នុងឆ្នាំ២០២១ ដោយសារភាពល្បីល្បាញលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ នេះបើយោងតាមទស្សនាវដ្ដី Forbes។ តារាកំប្លែងជនជាតិសេណេហ្គាល់រូបនេះ បានក្លាយជាអ្នកបង្កើតមាតិកាដែលមានអ្នកតាមដានច្រើនបំផុតនៅលើ TikTok កាលពីខែមិថុនាកន្លងទៅនេះ ដោយទម្លាក់នារីស្រស់ស្អាត Charli D’Amelio ដែលធ្លាប់កាន់កាប់តំណែងកំពូល។

ទោះបីជា Khaby Lame បានក្លាយជា TikToker ដែលមានអ្នកតាមដានច្រើនជាងគេលើពិភពលោកក៏ពិតមែន តែបុរសវ័យ ២២ឆ្នាំ រូបនេះ មិនមែនជាអ្នករកចំណូលបានច្រើនបំផុតនោះទេ ពោលគឺលោក ស្ថិតនៅពីក្រោយគូប្រជែងរបស់ខ្លួនគឺស្រីស្អាត Charli D’Amelio ដែលងាយរកចំណូលបាន ១៧.៥ លានដុល្លារ។

គួរឱ្យដឹងថា Khaby Lame បានសាងកេរ្តិ៍ឈ្មោះល្បីសុះសាយនៅលើបណ្ដាញសង្គម TikTok ពីជីវិតជាកម្មកររោងចក្រ ដែលបានបាត់បង់ការងារក្នុងសម័យកូវីដ-១៩ តាមរយៈការថតវីដេអូខ្លីៗ ពីការដោះស្រាយបញ្ហាប្លែកៗ ដោយមិននិយាយស្តីសូម្បីមួយម៉ាត់ លាយលំជាមួយទឹកមុខកំប្លែងស្ងួត តែអាចឱ្យមនុស្សយល់បាន។ បច្ចុប្បន្នតារារូបនេះ មានតាមដានច្រើនជាង ១៤៦លាននាក់នៅលើ TikTok ហើយបានជាប់ចំណាត់ថ្នាក់លេខ ៨ នៅក្នុងបញ្ជីអ្នកបង្កើតទ្រព្យកំពូលរបស់ Forbes ឆ្នាំ 2022 នេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត